អ្នកនាំពាក្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោកស្រី Ali Zaki បាននិយាយកាលពីថ្ងៃចន្ទថា ទីភ្នាក់ងារមានរថយន្តដឹកជំនួយជាង៤០គ្រឿងកំពុងរង់ចាំនៅព្រំដែនរវាងប្រទេសអេហ្ស៊ីប និងតំបន់ហ្កាហ្សា ហើយបានរៀបចំសម្រាប់ពេលវេលាណាមួយ ដែលយើងអាចចូលទៅក្នុងតំបន់នេះម្តងទៀត។

កម្មវិធីស្បៀងអាហារពិភពលោក បានចែកត្រីខកំប៉ុង និងការផ្គត់ផ្គង់ស្បៀងអាហារផ្សេងទៀត នៅក្នុងតំបន់ហ្កាហ្សាដែលត្រូវបានហ៊ុមព័ទ្ធ ខណៈក្បួនរថយន្តដឹកជំនួយទី៣ បានចូលទៅច្រកឆ្លងកាត់តំបន់ Rafah។
ការដឹកជញ្ជូនជំនួយមនុស្សធម៌បានឆ្លងកាត់តំបន់Rafah កាលពីថ្ងៃសៅរ៍ បន្ទាប់ពីជម្លោះជុំវិញទម្រង់ការសម្រាប់ការពិនិត្យជំនួយ និងការទម្លាក់គ្រាប់បែកនៅផ្នែកក្នុងតំបន់ព្រំដែនហ្គាហ្សា ដែលបានបណ្តាលឲ្យសម្ភារៈជំនួយសង្គ្រោះ បានជាប់គាំងនៅក្នុងប្រទេសអេហ្ស៊ីប។

Rafah គឺជា ច្រកឆ្លងកាត់ដ៏សំខាន់ នៅក្នុងនិងក្រៅតំបន់ហ្កាហ្សា ដែលមិនជាប់ព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។ ចាប់តាំងពីប្រទេសអ៊ីស្រាអែល បានដាក់ការហ៊ុមព័ទ្ធទាំងស្រុងនៅតំបន់ហ៊ុមព័ទ្ធក្នុងការសងសឹកសម្រាប់ការវាយប្រហារធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់កាលពីថ្ងៃទី៧ ខែតុលា តំបន់Rafah បានក្លាយជាការផ្តោតយកចិត្តទុកដាក់ក្នុងកិច្ចប្រឹងប្រែងផ្តល់ជំនួយ។
មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថា រថយន្តដឹកជំនួយប្រមាណ១០០គ្រឿងនឹងត្រូវការជារៀងរាល់ថ្ងៃ ដើម្បីបំពេញតម្រូវការចាំបាច់នៅក្នុងតំបន់ហ្កហ្សា ជាទីស្នាក់នៅរបស់ពលរដ្ឋ២,៣លាននាក់ ហើយជាកន្លែងដែលការស្តុកទុកស្បៀងអាហារ ទឹក និងប្រេងឥន្ធនៈជិតអស់។