តំបន់ទីក្រុង Santa Cruz ប្រទេសបូលីវី បានចេញការព្រមានពណ៌ក្រហមអំពីអនាម័យ និងបានឲ្យសាលារៀនផ្អាក កាលពីថ្ងៃចន្ទ បន្ទាប់ពីចំហេះព្រៃនៅទូទាំងតំបន់ បណ្តាលឲ្យមានការបំពុលបរិយាកាសធ្ងន់ធ្ងរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុង Santa Cruz បានចេញការព្រមានអំពីអនាម័យព័ណ៌ក្រហម ដោយសារតែគុណភាពខ្យល់ដ៏គ្រោះថ្នាក់បង្កឡើងដោយចំហេះព្រៃឆេះរាលដាលនៅក្នុងតំបន់សំបូរដោយសណ្តែកសៀង។
ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបូលីវី លោក Edgar Pary បានផ្អាកសាលារៀន នៅក្នុងទីក្រុង Santa Cruz ដើម្បីការពារកុមារ និងបានណែនាំដល់ពលរដ្ឋឲ្យពាក់ម៉ាស់។

រដ្ឋាភិបាលក្នុងតំបន់ បានស្នើសុំឲ្យកសិករ បញ្ឈប់ការដុតធ្វើកសិកម្ម ជាការអនុវត្តន៍ផ្នែកកសិកម្ម ដែលប្រើប្រាស់ដើម្បីត្រៀមសម្រាប់ដីស្រែចំការក្នុងការសាបព្រោះ ខណៈត្រូវបានហាមឃាត់ចាប់តាំងពីថ្ងៃទី១ ខែសីហា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា ចាប់តាំងពីពេលនោះមក តំបន់នេះស្ថិតក្រោមការព្រមានព័ណ៌ក្រហម ដោយសារតែហានិភ័យនៃចំហេះព្រៃ។ បច្ចុប្បន្ននេះ មានចំហេះព្រៃ៥កន្លែង កំពុងឆេះរាលដាលនៅទីក្រុង Santa Cruz ។