នគរបាលបាននិយាយថា មនុស្សយ៉ាងហោចណាស់១៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃចន្ទ បន្ទាប់ពីរថភ្លើង២គ្រឿងបានបុកគ្នា នៅក្នុងប្រទេសបង់ក្លាដែស។

រថភ្លើងដឹកអ្នកដំណើរ បានបុកជាមួយរថភ្លើងដឹកទំនិញ នៅក្នុងតំបន់ Bhairab មានចម្ងាយប្រមាណ៨០គីឡូម៉ែត្រ ភាគឦសានរដ្ឋធានី Dhaka ។

អធិការនគរបាលតំបន់ លោក Rasel Sheikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពយ៉ាងហោចណាស់១៧នាក់ត្រូវបានយកចេញពីកន្លែងកើតហេតុ ដែលកើនឡើងពីចំនួនអ្នកស្លាប់ត្រូវរាយការណ៍ដំបូងថាមានត្រឹមតែ១៣នាក់។
អាជ្ញាធរបាននិយាយថារថភ្លើងដឹកទំនិញ បានបុករថភ្លើងដឹកអ្នកដំណើរពីក្រោយ ដោយបានធ្វើឲ្យខូចខាតទូរថភ្លើងចំនួន២។