រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក កំពុងត្រៀមយ៉ាងរឹងមាំសម្រាប់ជំហានបន្ទាប់ ខណៈកងទ័ព បានប្រមូលផ្តុំនៅព្រំដែនតំបន់ហ្កាហ្សា សម្រាប់ការវាយលុកតាមផែនការ។

លោក Yoav Gallant បានធ្វើដំណើរទស្សនកិច្ចទៅកាន់ឆ្នេរសមុទ្រនៅព្រំដែនភាគខាត្បូងប្រទេសអ៊ីស្រាអែល និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹក Ashdod ជាកន្លែងដែលលោកពិនិត្យឡើងវិញប្រតិបត្តិការរបស់កងទ័ពជើងទឹក។
អ៊ីស្រាអែល បានបាញ់ផ្លោងទៅលើគោលដៅរាប់រយកន្លែងក្នុងតំបន់ហ្កាហ្សាពីលើអាកាស កាលពីថ្ងៃចន្ទខណៈទាហានរបស់ខ្លួនប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់អំឡុងការវាយឆ្មក់ចូលទៅក្នុងតំបន់ប៉ាឡេស្ទីនដែលត្រូវបានហ៊ុមព័ទ្ធ ជាកន្លែងអ្នកស្លាប់កំពុងកើនឡើង ហើយជនស៊ីវិលបានជាប់នៅក្នុងស្ថានភាពព្រួយបារម្ភខ្លាំង។

ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បង្កឡើងដោយការវាយប្រហារឆ្លងកាត់ព្រំដែន កាលពីថ្ងៃទី៧ ខែតុលាទៅលើសហគមន៍របស់អ៊ីស្រាអែលធ្វើ់ឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្ស១.៤០០នាក់ និងបានចាប់ជាចំណាប់ថ្នូរជាង២០០នាក់ ជាការវាយប្រហារដ៏ឃោឃៅបំផុតតែមួយថ្ងៃ ចាប់តាំងពីរដ្ឋអ៊ីស្រាអែល ត្រូវបានបង្កើតឡើង៧៥ឆ្នាំមកនេះ។
ក្រសួងសុខាភិបាល បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់ ៥.០៨៧នាក់ បានស្លាប់ ក្នុងរយៈពេល២សប្តាហ៍នៃការវាយប្រហារ ដោយរួមមានទាំងកុមារចំនួន ២.០៥៥នាក់។