យោងតាមក្រុមឧស្សាហកម្ម ដែលតំណាងឱ្យក្រុមហ៊ុនរថយន្តក្រុង បានឲ្យដឹងថា ក្រុមឧក្រិដ្ឋជនបានដុតរថយន្តក្រុងយ៉ាងហោចណាស់ ៣៥គ្រឿងនៅក្នុងទីក្រុងរីអូ ដេ យ៉ាណែរ៉ូ (Rio de Janeiro) នៅក្នុងប្រទេសប្រេស៊ីល ដែលបានបង្កភាពចលាចលតាមដងផ្លូវ កាលពីថ្ងៃចន្ទ (២៣ តុលា) បន្ទាប់ពីនគរបាលបានសម្លាប់មេឧក្រិដ្ឋកម្មនៅក្នុងប្រតិបត្តិការមួយ។

ការវាយប្រហារលើរថយន្តក្រុងនេះ ត្រូវបានប្រមូលផ្តុំនៅភាគខាងលិចនៃទីក្រុង ដែលក្រុមឧក្រិដ្ឋជនជាគូប្រជែង កំពុងប្រយុទ្ធដើម្បីគ្រប់គ្រងទឹកដី។ យោងតាមនគរបាលបានឲ្យដឹងថា ហេតុការណ៍ទាំងនេះ បានកើតឡើងបន្ទាប់ពីប្រតិបត្តិការរបស់នគរបាលមួយ ដែលបានសម្លាប់ក្មួយប្រុសរបស់មេដឹកនាំកងជីវពលដ៏ធំបំផុតរបស់រដ្ឋនៅក្នុងប្រទេសប្រេស៊ីល។

ក្រុមឧក្រិដ្ឋជន ឬហៅថាកងជីវពលរបស់ទីក្រុង រីអូ ដែលជាញឹកញាប់មានសមាសភាពពីមន្ត្រីនគរបាលបច្ចុប្បន្ន និងអតីតនេះ បានក្លាយជាការគំរាមកំហែងសន្តិសុខធំបំផុតមួយរបស់តំបន់។
ក្រុមជនអន្ធពាលទាំងនេះ ដើមឡើយត្រូវបានបង្កើតឡើងដើម្បីជាកងកម្លាំងស្វ័យការពារសម្រាប់សង្កាត់ក្រីក្រ ដែលរងការបំផ្លិចបំផ្លាញដោយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ប៉ុន្តែឥឡូវនេះពួកគេបានរីករាលដាលក្លាយទៅជាក្រុមឧក្រិដ្ឋជន ដែលប្រតិបត្តិការនៅក្នុងឧក្រិដ្ឋកម្មខុសច្បាប់ជាច្រើនផ្សេងទៀតនៅក្នុងប្រទេសប្រេស៊ីល៕