ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញទៅគ្រប់ផ្នែកទាំងអស់ ត្រូវរួមគ្នាគិតគូរឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ លុបបំបាត់ការផលិត នាំចូល និងចែកចាយផលិតផលក្លែងក្លាយ និងខូចគុណភាព ។
ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវដែលជាចំណុចសំខាន់ណាស់ ព្រោះគ្មាននរណាម្នាក់សុទ្ធតែជាអ្នកផ្គត់ផ្គង់ទាំងអស់ ដោយអ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ ហើយពលរដ្ឋទាំងអស់ គឺសុទ្ធតែជាអ្នកប្រើប្រាស់ បរិភោគអាហារ និងលេបថ្នាំ ។
សម្ដេចធិបតី បានបន្តថា ការចង់ឲ្យម្ហូបអាហារ ថ្នាំ មានសុវត្ថិភាព គឺជាគោលដៅគ្រប់ភាគីទាំងអស់ ទាំងប្រជាពលរដ្ឋ អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលចង់បាន ប៉ុន្តែចំពោះការងារនេះ នៅមានភាពចន្លោះប្រហោង ដែលត្រូវនាំគ្នាពិនិត្យឡើងវិញ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធនឹងការងារសុវត្ថិភាពម្ហូបអាហារនេះ គឺត្រូវមានការអប់រំបណ្ដុះបណ្ដាល សម្រាប់វិស័យឯកជន ដែលពេលខ្លះពួកគេ ក៏ត្រូវកាជួយពីខាងវិស័យរដ្ឋ លើជំនួយបច្ចេកទេស ឬជំនួយផ្សេងៗ ដូចនេះក្រសួងសុខាភិបាល ត្រូវធ្វើការជាមួយគណៈសហគមន៍ និងជាមួយសមាគមទាំងនោះ ដើម្បីជួយដល់ពួកគេ ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញភាគច្រើន គឺនៅក្រៅប្រព័ន្ធ ដែលកន្លងមកសម្ដេចប្រកាសគោលនយោយបាយជួយអ្នកក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ក៏មានអ្នកលក់អាហារបំប៉ន និងលក់ទំនិញផ្សេងៗផងដែរ គឺពួកគេក៏ត្រូវការជួយ និងការតម្រងទិស ព្រោះរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន ជួយស្រាវជ្រាវ និងផលិតនូវផលិតផលដែលសម្បូរបែប មានគុណភាព និងមានតម្លៃសមរម្យ ។
ពាក់ព័ន្ធចំណីអាហារសុវត្ថិភាព និងថ្នាំសង្កូវនេះ សម្ដេចធិបតី បានណែនាំទៅក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យ និងវាយតម្លៃឡើងវិញពីយន្តការដែលមានស្រាប ហើយគិតគូរក្នុងក្របខណ្ឌ ក្នុងការដាក់ចេញនូវគោលនយោបាយមួយ មានប្រសិទ្ធភាព រួមគ្នាកុំឲ្យធ្វើដាច់ដោយដុំ ហើយជួយគ្នា និងត្រូវការចូលរួមពីវិស័យឯកជន ដោយរដ្ឋមិនមែនចាប់អាជីវករនោះទេ តែត្រូវជួយពង្រឹងវិស័យសុខាភិបាលទាំងអស់គ្នា៕ អត្ថបទ បាន សុខរិទ្ធិ
