សហជីពកម្មករនៃសម្ព័ន្ធយានយន្តអាមេរិក (UAW) បានធ្វើកូដកម្មនៅរោងចក្រដំឡើងរថយន្តធំបំផុត ដែលជាក្រុមហ៊ុនមេរបស់រថយន្ត Chrysler គឺរោងចក្រ Stellantis កាលពីថ្ងៃចន្ទ (២៣ តុលា) ដោយវាយលុកផលិតកម្មរថយន្តភីកអាប់ប្រភេទ RAM 1500 ដែលរកបានចំណូលច្រើនបំផុតសម្រាប់ក្រុមហ៊ុនផលិតរថយន្តនេះ នៅក្នុងការពង្រីកដ៏ធំនៃកូដកម្មរយៈពេលជាងមួយខែរបស់ខ្លួន។

សហជីពកម្មករ UAW ដែលកំពុងធ្វើកូដកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតរថយន្តដ៏ធំទាំងបីរបស់អាមេរិក បានស្ដីបន្ទោសជុំវិញបញ្ហាការចេញតវ៉ាចុងក្រោយដោយកម្មករជាង ៦.៨០០នាក់ នៅរោងចក្រយានយន្តនៅទីក្រុងមីឈីហ្កាន់ (Michigan) នោះ ថាជាកំហុសរបស់រោងចក្រ Stellantis នេះ ដោយសារពួកគេមាន «សំណើដ៏អាក្រក់បំផុត» នៅលើតុចរចា ស្តីពីការដំឡើងប្រាក់ឈ្នួល ប្រាក់ឈ្នួលសម្រាប់កម្មករបណ្តោះអាសន្ន និងការប្តូរតំណែងកម្មរទៅជាបុគ្គលិកពេញម៉ោង ក៏ដូចជា ការកែតម្រូវប្រាក់ឧបត្ថម្ភថ្លៃជីវភាពផងដែរ។

សមាជិកសហជីពជាង ៤០.០០០នាក់ ដែលធ្វើការនៅក្រុមហ៊ុនរថយន្ត Ford ក្រុមហ៊ុនយានយន្ត General Motors និងរោងចក្រដំឡើងយានយន្ត Stellantis ឥឡូវនេះ កំពុងធ្វើកូដកម្មចាប់តាំងពីការតវ៉ាបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែកញ្ញា មក ដោយតួលេខនោះគឺប្រហែល ២៧% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុនផលិតរថយន្តដ៏ធំទាំងបីរបស់អាមេរិក ដែលជាផ្នែកនៃយុទ្ធនាការមិនធម្មតាមួយនៃកូដកម្មក្នុងពេលដំណាលគ្នាផងដែរ៕