សៀមរាប ៖ អាជ្ញាធរស្រុកអង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ទឹកជំនន់បានធ្វើ ឱ្យផ្លូវ និងទំនប់មួយចំនួនត្រូវទឹកហូរកាត់ បណ្តាលឱ្យមានការខូចខាតមួយចំនួន ប៉ុន្តែមិនមានហានិភ័យ ដល់ដំណាំស្រូវនោះទេ។
លោក លុក ផុស អភិបាលស្រុកអង្គរជុំ បានឱ្យដឹងថា ជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីស្រុកវ៉ារិន បានបង្កឱ្យមានផលប៉ះពាល់ដល់មូលដ្ឋានឃុំទាំង៧របស់ស្រុកនេះ។ ជំនន់ទឹកភ្លៀងនេះ បានចាប់ពីថ្ងៃ ទី១៦ ដល់ថ្ងៃទី១៧ ខែតុលា តែបានស្រកបន្តិចវិញនៅថ្ងៃទី១៨ និងបានចាប់ផ្តើមកំរើកឡើងវិញ នៅព្រឹក ថ្ងៃទី១៩ ខែតុលា នេះ។
លោក បានបញ្ជាក់ថា យោងតាមស្ថានភាពភូមិសាស្ត្ររបស់ស្រុកអង្គរជុំ គឺមិនអាចចៀសផុតឡើយ ពីការទទួលជំនន់ទឹកភ្លៀង ដែលហូរធ្លាក់មកពីស្រុកវ៉ារិន ហើយបើទោះជាទឹកជំនន់ ដែលកើតមានដោយ គំហុកយ៉ាងយ៉ាងក្តី មិនយូរនោះឡើយ ដោយសារតែអង្គរជុំ គឺជាតំបន់ទទួលការឆ្លងកាត់ចរន្តទឹក សម្រាប់ ការហូរទម្លាក់បន្តទៅតំបន់ខាងក្រោម គឺស្រុកក្រឡាញ់ និងស្រុកពួក ដែលផ្អែកលើលក្ខណៈភូមិសាស្ត្រនេះ ដំណាំស្រូវមិនមានផលប៉ះពាល់ ខូចខាតនោះឡើយ។
ទោះជាយ៉ាងនេះក្តី លោកបានឱ្យដឹងថា កម្លាំងអន្តរាគមន៍របស់គណៈបញ្ជាការឯកភាពស្រុក បាន ត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីចេញប្រតិបត្តិការបន្ទាន់ បើសិនជាមានហេតុការណ៍ធ្ងន់ធ្ងរ ដែលអាច កើតមានជាយថាហេតុក្នុងករណីទឹកជំនន់នេះ និងមានកម្លាំងមួយផ្នែក បាននឹងកំពុងចុះអប់រំប្រជាពលរដ្ឋ ឱ្យចូលរួមប្រុងប្រយ័ត្ន ជាប់ជាប្រចាំផងដែរ៕
អត្ថបទ៖ ងឹន គឹមឡេង





