វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្វ៊ីស Roger Federer បានសំរេចចិត្តដកខ្លួនចេញពីការប្រកួត Grand Slam, French Open ពាក់កណ្តាលទីទោះបីមានកៅអីនៅជុំទី៤ ទៅហើយក្តី។ ម្ចាស់ជើងឯក Grand Slam ២០លើករូបនេះបានសំរេចចិត្តបែបនេះ មួយថ្ងៃបន្ទាប់ពីយកឈ្នះ Dominik Koepfer ទាំងលំបាកនៅជុំទី៣។

បុរសវ័យ ៣៩ឆ្នាំរូបនេះបាននិយាយថា បន្ទាប់ពីវះកាត់ជង្គង់ ២លើករួចហើយបានប្រហែលមួយឆ្នាំ គេយល់ច្បាស់ណាស់ថា មិនអាចធ្វើការអោយហួសប្រមាណបានឡើយ ជាក់ស្តែងការប្រកួតជុំទី៣ ដ៏លំបាកទំរាំយកឈ្នះ Dominik Koepfer ដោយលទ្ធផលតានតឹងបំផុតកាលពីថ្ងៃសៅរ៍ ៧-៦(៧-៥), ៦-៧(៣-៧), ៧-៦(៧-៤) និង ៧-៥។ រំលឹកថា Roger Federer ដែលឈ្នះជើងឯក French Open នេះចុងក្រោយបំផុតនៅឆ្នាំ២០០៩ នោះបានទទួលការវះកាត់របួសជង្គង់ដល់ទៅ ២លើកកាលពីឆ្នាំ២០២០ កន្លងទៅ និងបានចូលរួមការប្រកួត ៣ លើកប៉ុណ្ណោះតាំងពីជាពីរបួសមុនមកដល់ទីក្រុងប៉ារីសនេះ។ ដោយឡែកគូប្រកួតរបស់ Federer នៅជុំទី៤ នោះគឺកីឡាករអ៊ីតាលីលំដាប់លេខ៩ Matteo Berrettini ដែលត្រូវជួបគ្នាថ្ងៃចន្ទនេះនឹងមានកៅអីស្វ័យប្រវត្តិនៅវគ្គ ៨នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ