រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសក្រិក លោក Dimitris Kairidis បាននិយាយកាលពីថ្ងៃចន្ទ (២៣ តុលា) ថា សហភាពអឺរ៉ុប ប្រឈមនឹងហានិភ័យនៃលំហូរចូលភ្លាមៗនៃជនជនអន្តោប្រវេសន៍ ដែលភៀសខ្លួនចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈលោក Kairidis បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន និងសាមគ្គីភាពបន្ថែមទៀតក្នុងចំណោមបណ្ដារដ្ឋជាសមាជិក។

ក្នុងអំឡុងពេលវិបត្តិជនជនអន្តោប្រវេសន៍របស់អឺរ៉ុប ឆ្នាំ២០១៥ រដ្ឋាភិបាលសហភាពអឺរ៉ុប បានជួបការលំបាកក្នុងការទប់ទល់នឹងលំហូរចូលនៃមនុស្សជាង ១លាននាក់ ដែលភាគច្រើនជាជនភៀសខ្លួនស៊ីរីដែលបានឆ្លងពីប្រទេសទួរគី ទៅកាន់ប្រទេសក្រិក ដែលបណ្ដាលឲ្យមានវបត្តិសន្តិសុខ និងបណ្តាញសុខុមាលភាពដ៏លើសលប់ ព្រមទាំងការជំរុញឱ្យមានមនោសញ្ចេតនាទៅរកបក្សស្តាំនិយមជ្រុលរបស់ក្រិកផងដែរ។

បច្ចុប្បន្ន ប្លុកនេះកំពុងចាត់វិធានការដើម្បីកែសម្រួលច្បាប់អន្តោប្រវេសន៍ មុនការបោះឆ្នោតនៅអឺរ៉ុបនៅឆ្នាំក្រោយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងខែនេះ ស្តីពីមធ្យោបាយដោះស្រាយបញ្ហាអន្តោប្រវេសន៍មិនទៀងទាត់ នៅពេលមានការមកដល់យ៉ាងច្រើនពីជនអន្តោប្រវេសន៍ ជាពិសេសតម្រូវការសំខាន់របស់បណ្ដាប្រទេសជួរមុខភាគខាងត្បូង រួមទាំងប្រទេសក្រិកផងដែរ៕