ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃច័ន្ទ (២៣ តុលា) ថា មនុស្សជិត ២០.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅពីខាងក្នុង នៅភាគខាងត្បូងប្រទេសលីបង់ និងកន្លែងផ្សេងទៀត ចាប់តាំងពីដើមខែតុលាមក ខណៈអំពើហិង្សាកំពុងកើនឡើងនៅតាមព្រំដែនប្រទេសលីបង់ រវាងក្រុមឧទ្ទាមហេសបូឡា និងអ៊ីស្រាអែល បន្ទាប់ពីការផ្ទុះនៃសង្រ្គាមនៅតំបន់ហ្កាហ្សា។

អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ បាននិយាយថា មនុស្ស ១៩.៦៤៦នាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសលីបង់ ចាប់តាំងពីអង្គការនេះបានចាប់ផ្តើមតាមដានការបម្លាស់ទីលំនៅរបស់ប្រជាជន កាលពីថ្ងៃទី៨ ខែតុលាមក រយៈពេលមួយថ្ងៃបន្ទាប់ពីការវាយលុកលើអ៊ីស្រាអែល ដោយពួកសកម្មប្រយុទ្ធហាម៉ាស និងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា។
ទីភ្នាក់ងារនេះបាននិយាយថា បម្លាស់ទីលំនៅភាគច្រើន គឺធ្វើឡើងដោយអ្នកដែលភៀសខ្លួនចេញពីភាគខាងត្បូងនៃប្រទេសលីបង់ ខណៈដែលមនុស្សមួយចំនួនក៏បានផ្លាស់ប្តូរទីលំនៅពីតំបន់ផ្សេងៗទៀតផងដែរ។

ក្រុមឧទ្ទាមហេសបូឡា ដែលជាក្រុមប្រដាប់អាវុធដ៏ខ្លាំងមួយរបស់ប្រទេសលីបង់ បាននិងកំពុងមានការបាញ់ប្រហារគ្នាកាន់តែខ្លាំងឡើងៗជាមួយអ៊ីស្រាអែល នៅតាមព្រំដែន ក្នុងការកើនឡើងនៃជម្លោះដ៏អាក្រក់បំផុត ចាប់តាំងពីភាគីទាំងពីរបានប្រយុទ្ធគ្នាក្នុងសង្គ្រាមកាលពីឆ្នាំ២០០៦ មក៕