ស្រីលង្កា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសស្រីលង្កា បានកើនឡើងដល់ ១៤នាក់ និង ២នាក់នៅបាត់ខ្លួននៅឡើយ។

ស្រុកនានានៅលើកោះមហាសមុទ្រឥណ្ឌា រងការប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ រួមទាំងរដ្ឋធានីកូឡុំបូ និងទីជនបទមួយចំនួន ជាទីដែលលំនៅឋាន ស្រែចម្ការ និងផ្លូវថ្នល់ត្រូវបានលិចលង់។ មនុស្ស ១០នាក់បានស្លាប់នៅក្នុងទឹកជំនន់ និង ៤នាក់ផ្សេងទៀតស្លាប់ដោយសារបំណាក់ដី នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង គ្រោះមហន្តរាយរបស់រដ្ឋាភិបាល។ ក្នុងចំណោមពួកគេគឺមានគ្រួសារមួយមានសមាជិក ៤នាក់ដែលបានស្លាប់ នៅពេលផ្ទាំងបំណាក់ដីបានបាក់សង្កត់ផ្ទះរបស់ពួកគេនៅក្នុងស្រុក Kegalle ស្ថិតនៅចម្ងាយប្រហែល ៨៥គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកូឡុំបូ។
កងទ័ពជើងទឹកស្រីលង្កានិយាយថា អង្គភាពរបស់ខ្លួនបានបញ្ជូនក្រុមសង្គ្រោះចំនួន ៣៣ក្រុមទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ ក្នុងនោះក្រុមនេះបានជួយសង្គ្រោះមនុស្ស ៦៦នាក់ដែលបានជាប់នៅក្នុងទឹកជំនន់។ មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា អាកាសធាតុអាប់អួខ្លាំងបានប៉ះពាល់ដល់មនុស្សប្រមាណ ២៤៥,០០០នាក់ និងមនុស្សជាង ៤,៣០០នាក់នៅតែភៀសខ្លួន និងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ន។ លំនៅឋានជាង ៨០០ខ្នងត្រូវបានខូចខាត៕
អត្ថបទ៖ សុខមាន