សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ថា បទឈប់បាញ់ណាមួយនៅតំបន់ហ្គាហ្សា របស់អ៊ីស្រាអែល នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស ខណៈសហភាពអឺរ៉ុប ពិចារណាការអំពាវនាវឱ្យផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌។

អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា បទឈប់បាញ់នឹងផ្តល់ឱ្យក្រុមហាម៉ាសនូវលទ្ធភាពសម្រាក ជួសជុលឡើងវិញ និងត្រៀមខ្លួនដើម្បីបន្តការវាយប្រហារភេរវកម្មប្រឆាំងមកលើអ៊ីស្រាអែល។
លោកបាននិយាយថា អ្នកអាចយល់បានយ៉ាងច្បាស់ថាហេតុអ្វីបានជានោះជាស្ថានភាពដែលមិនអាចអត់ឱនឲ្យបានសម្រាប់អ៊ីស្រាអែល ព្រោះវានឹងក្លាយជាស្ថានភាពដែលមិនអាចអត់ឱនឲ្យបានសម្រាប់ប្រទេសណាមួយដែលទទួលរងការវាយប្រហារភេរវកម្មដ៏ឃោរឃៅបែបនេះ ហើយបន្តមើលឃើញការគំរាមកំហែងភេរវករនៅព្រំដែនរបស់ខ្លួន។
លោក Miller បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការដាច់ដោយឡែកដើម្បីធានាបានលំហូរនៃការផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដោយមានបេសកជនពិសេសសហរដ្ឋអាមេរិកម្នាក់គឺលោក David Satterfield នៅលើមូលដ្ឋានការងារយ៉ាងយកចិត្តទុកដាក់លើការផ្តល់ជំនួយ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថាមេដឹកនាំរបស់ប្លុកនេះ នឹងគាំទ្រការអំពាវនាវឱ្យផ្អាកការប្រយុទ្ធដើម្បីអនុញ្ញាតការផ្តល់ជំនួយ។
លោក Borrell បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅប្រទេសលុចសំបួរថា លោកជឿថាគំនិតនៃការផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌គឺដើម្បីជួយសម្រួលដល់ការមកដល់នៃជំនួយសង្គ្រោះមនុស្សធម៌ ដែលនឹងអនុញ្ញាតឱ្យជនភៀសខ្លួនស្វែងរកទីជម្រក គឺជាអ្វីដែលមេដឹកនាំទាំងអស់នឹងគាំទ្រ។
