អ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសកាលពីថ្ងៃចន្ទនៅតំបន់ហ្កាហ្សា ជាទីដែលចំនួនអ្នកស្លាប់កំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយសហរដ្ឋអាមេរិកបានណែនាំអ៊ីស្រាអែលឱ្យពន្យារពេលការឈ្លានពានដោយថ្មើរជើង ដែលរំពឹងទុក ទុកពេលបន្ថែមទៀតដើម្បីចរចារដោះលែងចំណាប់ថ្នូរដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានចាប់យកទៅ។

ក្រុមហាម៉ាស បានដោះលែងស្ត្រីជនជាតិអាមេរិកម្នាក់នាក់ និងកូនស្រីជំទង់របស់ខ្លួន កាលពីសប្ដាហ៍មុន ជាអ្វីដែលក្រុមនេះនិយាយថា ជាកាយវិកាមនុស្សធម៌ ដែលបានសម្របសម្រួលដោយប្រទេសកាតា ។
ក្រុមមន្ត្រីអាមេរិក ក៏ចង់បានពេលវេលាខ្លះដែរ ដើម្បីត្រៀមទប់ទល់ការវាយប្រហារនានាលើផលប្រយោជន៍អាមេរិក នៅក្នុងតំបន់នេះ ពីក្រុមគាំទ្រដោយអ៊ីរ៉ង់ ដែលក្រុមមន្ត្រីអាមេរិកនិយាយថា ទំនងមានការបង្កើនការវាយប្រហារលើកងកម្លាំងរបស់ខ្លួនក្នុងតំបន់មជ្ឈិមបូព៌ា នៅពេលអ៊ីស្រាអែលវាយលុកចូលតំបន់ហ្កាហ្សាពេញទំហឹង។

យោងតាមមន្ត្រីប៉ាឡេស្ទីន និងក្រុមអ្នកឃើញហេតុការណ៍បាននិយាយថា ការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា បានវាយកម្ទេចអគារនានានៅទូទាំងតំបន់ហ្កាហ្សា រួមទាំងតំបន់ គេបានប្រាប់ឲ្យជនជាតិប៉ាឡេស្ទីនស្វែងរកកន្លែងជ្រកកោន ដោយបានសម្លាប់មនុស្សរាប់រយនាក់ និងបញ្ជូនរលកថ្មីនៃអ្នករបួសទៅកាន់មន្ទីរពេទ្យដែលបានរងការបំផ្លិចបំផ្លាញរួចរួចទៅហើយ។
កាលពីល្ងាចថ្ងៃចន្ទ ក្រុមហាម៉ាសបានប្រកាសថាខ្លួនបានដោះលែងចំណាប់ថ្នូរពីរនាក់បន្ថែមលើហេតុផលមនុស្សធម៌។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដែលបានដកស្រង់សម្តីមន្ត្រីមិនបញ្ចេញអត្តសញ្ញាណថា បានបញ្ជាក់ពីការដោះលែងនោះ ប៉ុន្តែមិនមានការប្រកាសជាផ្លូវការពីភាគីអ៊ីស្រាអែលទេ។ ហើយសារព័ត៌មាន AP មិនអាចបញ្ជាក់ដោយឯករាជ្យពីការដោះលែងនោះទេ ៕