ប្រតិបត្តិករនៃរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដាយអ៊ីឈិ (Fukushima Daiichi) បាននិយាយថាការបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យសកម្ម ដែលបានធ្វើប្រព្រឹត្តកម្មរួចដំណាក់កាលទី២ ចូលទៅក្នុងសមុទ្រ បានបញ្ចប់ទៅតាមផែនការកាលពីថ្ងៃចន្ទទី២៣ខែតុលាសប្ដាហ៍នេះ ហើយក្រុមមន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នៅក្នុងប្រទេសជប៉ុន សម្រាប់សុវិត្ថភាពដំបូងរបស់ពួកគេ និងបេសកម្មតាមដាន ចាប់តាំងពីការបញ្ចេញបានចាប់ផ្ដើមកាលពី២ខែមុន បាននិយាយថា គ្មានបញ្ហាអ្វី ត្រូវតាមដាននោះទេ។

រោងចក្រថាមពលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាដាយអ៊ីឈិ បានចាប់ផ្ដើមបញ្ចេញសំណល់ទឹកមានសារធាតុវិទ្យុសកម្ម និងបានធ្វើប្រព្រឹត្តកម្មរួច ចូលទៅក្នុងសមុទ្រកាលពីថ្ងៃទី២៤ខែសីហា ។ ប្រតិបត្តិករ ក្រុមហ៊ុន ថាមពលអគ្គិសនី តូក្យូ បាននិយាយថា ការបញ្ចេញទឹក មានសារធាតុវិទ្យុសកម្ម ដែលបានធ្វើប្រព្រឹត្តកម្មរួច ក្នុងដំណាក់កាលទី២ មានចំនួន៧.៨០០ តោន ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយមានការតាមដានសំណាកទឹកសមុទ្រប្រចាំថ្ងៃ ស្របតាមស្តង់ដារសុវត្ថិភាពពេញលេញ។

ការរញ្ជួយដីកម្រិត៩រ៉ិចទ័រ កាលពីថ្ងៃទី១១ខែមីនា ឆ្នាំ២០១១ បានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានបំផ្លិចបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ថាមពលនិងប្រព័ន្ធស្អំទឹកត្រជាក់ បណ្ដាលឲ្យម៉ាស៊ីរ៉េអាក់ទ័រ ចំនួន៣ត្រូវរលាយ និងបញ្ចេញសារធាតុវិទ្យុសកម្មយ៉ាងច្រើន ។
គេរំពឹងថា ការបញ្ចេញទឹកដែលបានធ្វើវិទ្យុសកម្មរួច នឹងត្រូវការពេលជាច្រើនទសវត្សរ៍ ។
ការបញ្ចេញនេះ មានភាពចម្រូងចម្រាសយ៉ាងខ្លាំង ពីក្រុមប្រជានេសាទ និងប្រទេសជិតខាង ដូចជា កូរ៉េខាងត្បូងជាដើម ដែលមានមនុស្សរាប់រយនាក់ចេញតវ៉ា។ ប្រទេសចិន បានហាមប្រាមការនាំចូលអាហារសមុទ្រសំខាន់ៗទាំងអស់ នៅថ្ងៃដែលប្រទេសជប៉ុន បានចាប់ផ្ដើមបញ្ចេញសំណល់ទឹកនេះ ដែលបានប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមអ្នកផលិត អ្នកដំណើរការ និងអ្នកនាំចូលអាហារសមុទ្ររបស់ជប៉ុន។ ថ្មីៗនេះ ប្រទេសរុស្ស៊ី ក៏បានចូលួមជាមួយប្រទេសចិនក្នុងការរឹតត្បិតពាណិជ្ជកម្មលើប្រទេសជប៉ុនផងដែរ៕