ក្រុមអាជ្ញាធរបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៧នាក់បានស្លាប់ និងមនុស្ស ២៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់រថយន្តដ៏ធំមួយ កាលពីថ្ងៃច័ន្ទ (២៣ តុលា) ដោយសារតែ «ផ្សែងអ័ព្ទដ៏ក្រាស់» ចេញពីចំហេះព្រៃនៅរដ្ឋលូស៊ីអាណា (Louisiana) ភាគខាងត្បូង និងអ័ព្ទពេលព្រឹកដ៏ក្រាស់។

នគរបាលរដ្ឋបាននិយាយកាលពីយប់ថ្ងៃច័ន្ទថា យានយន្តចំនួន១៥៨គ្រឿង បានបុកបន្តគ្នា ហើយចំនួនអ្នកស្លាប់អាចកើនឡើងខ្ពស់ជាងនេះ។
សាក្សីជាច្រើនបានរាយការណ៍ពីដំបូងថា មានមនុស្សពីរនាក់បានស្លាប់ នៅក្នុងរថយន្តដឹកទំនិញមួយគ្រឿង ដែលត្រូវបានរថយន្តខ្នាតធំកង់១៨ មួយគ្រឿងរអិលសង្កត់ពីលើ។

ផ្សែងអ័ព្ទដ៏ក្រាស់ ដែលបង្កឲ្យការមើលឃើញមិនសូវល្អ ត្រូវបានបង្កើតឡើងដោយផ្សែងចេញពីចំហេះព្រៃនៅតំបន់ដីសើម រួមជាមួយនឹងអ័ព្ទពេលព្រឹកដ៏ក្រាស់ ហើយផ្សែងអ័ព្ទទាំងនោះត្រូវបានគេរំពឹងថា នឹងបន្តមានរយៈពេលជាច្រើនថ្ងៃទៀតផងដែរ៕