យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ «ការវាយប្រហារដោយឥតឈប់ឈរ» ដើម្បីកម្ចាត់ក្រុមហាម៉ាស ខណៈអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama ) បានព្រមានថា «យុទ្ធសាស្ត្រយោធារបស់អ៊ីស្រាអែលណាមួយ ដែលមិនអើពើនឹងជីវិតមនុស្ស អាចជះឥទ្ធិពលអាក្រក់ត្រលប់មកខ្លួនវិញ»។

លោក អូបាម៉ា នៅក្នុងការអត្ថាធិប្បាយដ៏កម្រមួយរបស់អតីតប្រធានាធិបតីអាមេរិក ស្តីពីវិបត្តិគោលនយោបាយការបរទេស បានចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ព្រមានអ៊ីស្រាអែល កុំឱ្យបណ្តាលឱ្យមានជនស៊ីវិលស្លាប់ និងរបួសច្រើនពេក ក្នុងការសងសឹកលើក្រុមហាម៉ាស ដែលវានឹងធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជំនាន់ក្រោយ បង្កើតគំនិតផ្តាច់ខ្លួន។

ក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា បានកើនឡើងដល់ជាង ៥.០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍ នៃការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមមួយក្រុមនេះ បានសម្លាប់ពលរដ្ឋអ៊ីស្រាអែលជាង ១.៤០០នាក់។
អគ្គសេនាធិការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយឯក Herzi Halevi បានចេញសេចក្តីថ្លែងការណ៍មួយ ដោយលើកឡើងថា អ៊ីស្រាអែលមិនមានចេតនាទប់ស្កាត់ការវាយប្រហាររបស់ខ្លួនលើតំបន់ហ្កាហ្សា ស្ទ្រីប ដែលមានប្រជាជនរស់នៅច្រើននោះទេ ហើយបានចង្អុលបង្ហាញថា ខ្លួនបានរៀបចំយ៉ាងល្អសម្រាប់ការវាយលុកថ្មើរជើង ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះផងដែរ៕