ប្រទេសបារាំង បានបញ្ចប់ការដកទ័ពចេញពីមូលដ្ឋានភាគខាងជើងនៃប្រទេសនីហ្សេ ដែលជាផ្នែកមួយនៃការចាកចេញដែលបានគ្រោងទុកពីប្រទេសអាហ្វ្រិកខាងលិច បន្ទាប់ពីរដ្ឋប្រហារយោធា កាលពីខែកក្កដា។

អ្នកនាំពាក្យរដ្ឋាភិបាលលោកវីរសេនីយ៍ទោ Amadou Abdramane បាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានជិត ២០០នាក់ រថយន្តដឹកទំនិញ ២៨គ្រឿង និងរថពាសដែកចំនួន ២៤គ្រឿង បានចាកចេញពីមូលដ្ឋានយោធា Ouallam ដែលត្រូវបានប្រគល់ទៅឲ្យប្រទេសនីហ្សេ។

ការដកទ័ពរបស់បារាំង ត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅចុងឆ្នាំនេះ។ ទាហានបារាំងប្រហែល ១.៥០០ នាក់ បាននិងកំពុងប្រតិបត្តិការនៅក្នុងប្រទេសនីហ្សេ ដោយបានបណ្តុះបណ្តាលយោធារបស់ខ្លួន និងធ្វើប្រតិបត្តិការរួមគ្នា។
ការប្រកាសនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង បានប្រកាសថា ប្រទេសបារាំង នឹងបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសនីហ្សេ ហើយដកឯកអគ្គរដ្ឋទូតរបស់ខ្លួនចេញពីប្រទេសនេះ ដោយសាររដ្ឋប្រហារដែលបានទម្លាក់លោកប្រធានាធិបតី ម៉ូហាម៉េ បាហ្ស៊ូម (Mohamed Bazoum)ពីតំណែង។