សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចាប់ផ្ដើមពង្រឹង និងបណ្ដុះបណ្ដាលថ្នាលយុវជន ដើម្បីសម្រួចសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីសហព័ន្ធបានរៀបចំប្រឡងដំឡើងខ្សែក្រវាត់ដល់កីឡាករ-កីឡាការិនីថ្នាលរបស់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅ នៅអគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

ឯកឧត្តមបន្ដថា ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡា ពិសេសពង្រឹងធនធានថ្នាលបន្ដវេណ សហព័ន្ធមានគោលដៅបណ្ដុះបណ្ដាលកុមារ និងយុវជនថ្នាលជាច្រើន ជាក់ស្ដែងបន្ទាប់ពីការបង្ហាត់បង្រៀន សហព័ន្ធតែងរៀបចំការប្រឡងឡើងខ្សែក្រវាត់ ដើម្បីជាការលើកទឹកចិត្តដល់ពួកគេ និងជំរុញឲ្យពួកគេកាន់តែមានទឹកចិត្តក្នុងការហ្វឹកហាត់បន្ថែម ។

ម្យ៉ាងដោយសារកម្ពុជា ទទួលបានសិទ្ធធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ សហព័ន្ធក៏បានចាប់ផ្ដើមយកចិត្តទុកដាក់កាន់តែខ្លាំង លើការងារបណ្ដុះបណ្ដាលយុវជនថ្នាលនេះ ដើម្បីធានាបាននូវធនធានគ្រប់គ្រាន់ សម្រាប់ចូលរួមការប្រកួតនេះ ។ លើសពីនេះ សហព័ន្ធក៏សង្ឃឹមថា រាជរដ្ឋាភិបាល នឹងដាក់កីឡាវ៉ូវីណាម ក្នុងការប្រកួតកីឡាយុវជនអាស៊ីនេះផងដែរ៕ អត្ថបទ លី ឈុនឡា



