បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United កំពុងប្រឈមនឹងការបាត់បង់ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford នៅពេលចាប់ផ្តើមរដូវកាលក្រោយនេះ។ សារព័ត៌មាន The Mirror បានចុះផ្សាយថា Rashford មានគំរោងវះកាត់របួសរបស់ខ្លួនក្រោយចប់ Euro ២០២០ នេះ ដែលមានន័យថានឹងអាចប៉ះពាល់ដល់ដំណើរការចាប់ផ្តើមរដូវកាលថ្មី English Premier League ប្រសិនអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Euro ២០២០។
ខ្សែប្រយុទ្ធ Manchester United រូបនេះបានអាក់ខានជាច្រើនប្រកួតរដូវកាលមុនដោយសាររបួសជើង និងស្មា ខណៈដែលកីឡាករវ័យ ២៣ឆ្នាំរូបនេះត្រូវសំរេចចិត្តវះកាត់របួសណាមួយ ក្នុងចំណោមពីរនៃរបួសរបស់ខ្លួន។ យ៉ាងណាក្តី លោក Gareth Southgate បានដាក់អោយកីឡាករវ័យ ២៣ឆ្នាំរូបនេះចូលលេង និងរកបាន ១គ្រាប់ក្នុងជំនួបមិត្តភាពទល់នឹងរ៉ូម៉ានីយប់មិញយកឈ្នះ ១-០។ ព្រឹត្តិការណ៍ Euro ២០២០ នឹងបញ្ចប់នៅថ្ងៃទី១១ ខែកក្កដា ខណៈក្របខណ្ឌលីគកំពូល English Premier League នឹងចាប់ផ្តើមរដូវកាលថ្មីនៅថ្ងៃទី១៤ ខែសីហា។ មានន័យថា ប្រសិនអង់គ្លេសឈានដល់វគ្គផ្តាច់ព្រ័ត្រ Rashford មានពេលតែ ១ខែប៉ុណ្ណោះក្នុងការវះកាត់ និងសម្រាកព្យាបាល់របស់ខ្លួន៕
អត្ថបទ៖នាង សុភាវុធ