
ប្រទេសកាណាដាបាននិយាយថា ខ្លួនបានរកឃើញយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ដោយទំនងជាមានទំនាក់ទំនងជាមួយប្រទេសចិន ដែលបានកំណត់គោលដៅលើអ្នកនយោបាយរបស់ខ្លួនរាប់សិបនាក់ រួមទាំងលោកនាយករដ្ឋមន្ត្រី Justin Trudeau ផងដែរ។ ក្រសួងការបរទេសកាដាបាននិយាយថា យុទ្ធនាការអនឡាញឈ្មោះ «កម្មវិធីចោរកម្មអ៊ីនធឺណិត» បានប្រើរលកនៃការបង្ហោះតាមអ៊ីនធឺណិត ដើម្បីបង្ខូចកិត្តិយសសមាជិកសភាកាណាដា។
ក្រសួងការបរទេសនិយាយថា យុទ្ធនាការនេះត្រូវបានធ្វើឡើង ដើម្បីបំបិទការរិះគន់លើទីក្រុងប៉េកាំង ប៉ុន្តែកន្លងមក ប្រទេសចិនបានបដិសេធរាល់ការចោទប្រកាន់ណាមួយអំពីការជ្រៀតជ្រែកក្នុងកិច្ចការកាណាដា។
ទីភ្នាក់ងារកិច្ចការសកលរបស់កាណាដា បាននិយាយថា យន្តការឆ្លើយតបរហ័សរបស់ខ្លួន ដែលត្រូវបានបង្កើតឡើង ដើម្បីតាមដានកិច្ចខិតខំប្រឹងប្រែងផ្តល់ព័ត៌មានមិនពិតពីរដ្ឋបរទេស បានរកឃើញកាលពីខែសីហា នូវយុទ្ធនាការ «ចោរកម្មអ៊ីនធឺណិត» នេះ ដែលមានទំនាក់ទំនងជាមួយទីក្រុងប៉េកាំង។
សារបញ្ចេញមតិ ដែលត្រូវបានបង្កើតដោយបណ្តាញប្រព័ន្ធបច្ចេកវិទ្យាយន្ត នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកនយោបាយកាណាដាជាច្រើននាក់ បានអះអាងថា អ្នករិះគន់គណបក្សកុម្មុយនិស្តចិនម្នាក់នៅក្នុងប្រទេសកាណាដា បានចោទប្រកាន់អ្នកនយោបាយទាំងនោះពីបទល្មើសព្រហ្មទណ្ឌ និងក្រមសីលធម៌។
ការចោទប្រកាន់នេះ គឺជាការអះអាងចុងក្រោយបង្អស់ ដែលចេញមកពីភ្នាក់ងារស៊ើបការណ៍សម្ងាត់កាណាដា និងក្រុមមន្ត្រីដែលបានចោទប្រកាន់ក្រុងប៉េកាំងថា បានជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់ប្រទេសកាណាដា៕