
ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប្រសិនបើជម្លោះកើនឡើងដល់កងកម្លាំងក្នុងតំបន់ ដោយចេតនាសំដៅលើបុគ្គលិកអាមេរិក។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិករំពឹងថា កងកម្លាំងតំណាងរបស់អ៊ីរ៉ង់ នឹងស្វែងរកឱកាសដើម្បីបង្កើនភាពតានតឹងនៃសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានអះអាងថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានត្រៀមខ្លួនដើម្បីឆ្លើយតប ប្រសិនបើជនស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធអាមេរិកក្លាយជាគោលដៅក្នុងការវាយប្រហារ។
លោក Blinken បាននិយាយថា «នេះមិនមែនជាអ្វីដែលយើងចង់បាន ហើយក៏មិនមែនជាអ្វីដែលយើងចង់ធ្វើនោះដែរ ព្រោះយើងមិនចង់បានការកើនឡើងនៃសង្រ្គាមនោះទេ។ យើងមិនចង់ឃើញកងកម្លាំងរបស់យើង ឬបុគ្គលិករបស់យើង ស្ថិតនៅក្រោមការបាញ់ប្រហារនោះទេ ប៉ុន្តែប្រសិនបើរឿងនោះកើតឡើងមែន ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ឆ្លើយតប»។
មន្ត្រីជាន់ខ្ពស់អាមេរិកទាំងនេះ បានចេញការព្រមានមុនការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែល លើទឹកដីតំបន់ហ្កាហ្សា គ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាក្រុមភេរវករដឹកនាំការវាយប្រហារយ៉ាងបង្ហូរឈាមកាលពីថ្ងៃទី៧ ខែតុលា ទៅលើជនស៊ីវិលអ៊ីស្រាអែល ដោយបានធ្វើឱ្យជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់ស្លាប់៕