
ជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បានឆក់យកជីវិតមនុស្សជាង ៦.៥០០នាក់ នៅភាគីទាំងសងខាង ខណៈសង្រ្គាមនេះឈានចូលដល់ថ្ងៃទី១៧ របស់ខ្លួនកាលពីថ្ងៃចន្ទ (២៣ តុលា)។
ប្រជាជនប៉ាឡេស្ទីនជាង ៥.១៨២នាក់ នៅតំបន់ហ្កាហ្សា ស្រ្ទីប និងតំបន់វេស ប៊ែង ត្រូវបានសម្លាប់ និងជាងមនុស្សជាង ១៥.០០០នាក់ផ្សេងទៀតបានរងរបួស។ ក្នុងចំណោមនោះ មនុស្សចំនួន ៥.០៨៧នាក់ត្រូវបានសម្លាប់នៅតំបន់ហ្កាហ្សា ស្ទ្រីប និងមនុស្ស ៩៥នាក់ត្រូវបានសម្លាប់នៅតំបន់វេស ប៊ែង នេះបើយោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីននៅថ្ងៃដដែលនោះ។
ជម្លោះនេះ ក៏បានសម្លាប់មនុស្សជាង ១.៤០០នាក់នៅខាងអ៊ីស្រាអែលផងដែរ នេះបើយោងតាមក្រសួងសុខាភិបាលអ៊ីស្រាអែល ដែលបានដកស្រង់ដោយសារព័ត៌មាន The Jerusalem Post។
គួររម្លឹកថា ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការកណ្តាលរបស់ក្រុមហាម៉ាស នៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ ហើយការប្រយុទ្ធគ្នាចុងក្រោយនេះ បាននាំឱ្យមានអ្នករងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីទាំងសងខាងផងដែរ៕