កំពត ៖ មន្ត្រីទេសចរណ៍ និងអ្នកជំនាញ លើកឡើងស្របគ្នាថា ទោះស្ថិតនៅក្នុងកូវីដ-១៩ ភ្ញៀវទេសចរ និងអ្នកវិនិយោគនៅតែបន្តមកខេត្តកំពត ហើយសកម្មភាពរៀបចំកែលម្ហែ ការសាងសង់រីសត សណ្ឋាគារ បឹងហ្គាឡូ វីឡាថ្មីៗជាច្រើននៅតែបន្តធ្វើ ជាពិសេសតំបន់ក្បែរៗ និងជាប់មាត់ព្រែកកំពត។ តាមការព្យាករណ៍តំបន់នេះ នឹងក្លាយទៅជាបណ្តុំសម្រាកលំហែដ៏ពេញនិយម និងប្រកួតប្រជែករបស់ខេត្តកំពត។
អ្នកគ្រប់គ្រងទូទៅនៅ ខាសល បេវីយូ រីស៊តនិងស្ប៉ា ក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត លោក សាំង ស៊ីវុទ្ធី បានប្រាប់ឲ្យដឹងថា ព្រែកកំពត ជាទីកន្លែងមួយដ៏ស្រស់ស្អាត មានបរិយាកាសល្អ ខ្យល់បរិសុទ្ធបក់មកពីជំនោរសមុទ្រ តំបន់ភ្នំបូកគោ និងភ្នំកំចាយដែលនៅក្បែរនោះ។
លោកបន្តទៀតថា ដោយសារការរៀបចំកែលម្អ និងច្នៃប្រឌិតកន្លែងឲ្យប្លែកបែបធម្មជាតិ មានលក្ខណៈស្តង់ដារជាងគេនៅក្នុងខេត្តកំពត ពិសេសទេសភាពមាត់ព្រែកនេះហើយ ទើបធ្វើឲ្យភ្ញៀវ និងអ្នកវិនិយោគជាច្រើន មិនអាចមើលរំលងតំបន់នេះ។ ដូច្នេះព្រែកនេះគឺចំណែកមួយដ៏សំខាន់បំផុតក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគមកកាន់ខេត្តកំពត ។
លោកជឿជាក់ថា នៅអនាគតឆាប់ៗ តំបន់អមសងខាងព្រែកនឹងមានរមណីយដ្ឋាន រីស៊ត បឹងហ្គាឡូ ភោជនីយដ្ឋាន កន្លែងកម្សាន្តផ្សេងៗកាន់តែស្អាត កាន់តែធំ កាន់តែសំបូរបែប និងមានការប្រកួតប្រជែងខ្លាំងបំផុត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ទោះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ ខេត្តកំពត នៅតែមានភ្ញៀវមកទស្សនា ហើយអ្នកវិនិយោគលើវិស័យទេសចរណ៍ជាច្រើន បាននឹងកំពុងរៀបចំ កន្លែងផ្តល់សេវាទេសចរណ៍នានា។ តាមការប៉ានស្មាន បន្ទប់ស្នាក់នៅនឹងកើន ពីជាងបួនពាន់បន្ទប់នាពេលបច្ចុប្បន្ន ទៅជាងប្រាំពីរពាន់បន្ទប់នៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខ៕
អត្ថបទ៖ អន សារឹម