
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានចុះចតនៅក្នុងប្រទេសអ៊ីស្រាអែល ស្របពេលមានស្ថានការណ៍ដ៏លំបាកនៃជម្លោះជាមួយក្រុមជីវពលហាម៉ាស់ ក៏ដូចជាសំណើរ និងការជំរុញឲ្យមានបទឈប់បាញ់សម្រាប់មនុស្សធម៌ បើទោះបីជាការវាយប្រហារតាមជើងគោករបស់អ៊ីស្រាអែលចូលទៅកាន់តំបន់ហ្គាហ្សា ជិតកើតឡើងក៏ដោយ ។
លោក Macronបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurionនៅព្រឹកថ្ងៃអង្គារនេះ ហើយមុនដំបូងលោកបានជួបក្រុមគ្រួសារជនរងគ្រោះបារាំងដោយសារការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ។
ពលរដ្ឋបារាំង ៣០នាក់ ត្រូវបានសម្លាប់អំឡុងការវាយប្រហារនោះ ហើយមនុស្ស ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។ មនុស្សបាត់ខ្លួនម្នាក់ទំនងជាបានបង្ហាញខ្លួននៅក្នុងវីដេអូដែលបញ្ចេញដោយក្រុមហាម៉ាស់ ប៉ុន្តែជោគវាសនារបស់មនុស្ស ៦នាក់ផ្សេងទៀត មិនត្រូវបានគេដឹងនោះទេ ។
បន្ទាប់មក លោក Macronនឹងជួបជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog និងមេដឹកនាំនិយមកណ្តាលរបស់គណបក្សប្រឆាំងគឺលោក Benny Gantz និងលោក Yair Lapid ។
អ្នកស្រី Galit Dan-Jaouiគឺជាស្រ្តីកាត់សាសន៍អ៊ីស្រាអែល-បារំាង ដែលម្តាយអាយុ ៨០ឆ្នាំ និងកូនស្រីអាយុ ១២ឆ្នាំរបស់គាត់ ត្រូវបានសម្លាប់ ក្រោយការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់ និយាយថា ម្តាយរបស់ខ្ញុំ និងកូនស្រីរបស់ខ្ញុំបានស្លាប់អស់ហើយ ។
អ្នកស្រីបន្តថា គាត់ពិតជាខកចិត្ត និងមានទុក្ខក្រៀមក្រំជាខ្លាំងនៅពេលបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនបែបនេះ ៕