
មន្ត្រីអាមេរិកនិយាយថា អ៊ីរ៉ង់មានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារដោយយានដ្រូន និងការវាយប្រហារផ្សេងទៀតលើមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា កងកម្លាំងគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសស៊ីរី កាលពីថ្ងៃចន្ទ (ទី២៣ ខែតុលា) ហើយបានបង្ហាញរូបភាពនៃយានដ្រូន ដែលកំពុងហោះឡើង។
រដ្ឋមន្ត្រីសារព័ត៌មានរបស់មន្ទីរបញ្ចកោណលោក Pat Ryder បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា «មានការប៉ុនប៉ងវាយប្រហារដោយយានដ្រូន នៅប្រទេសស៊ីរី»។ លោកបាននិយាយថា យានដ្រូនត្រូវបានទម្លាក់ដោយគ្មានការបង្ករបួសអ្វីឡើយដល់កងកម្លាំងអាមេរិក ហើយការវាយប្រហារនេះ ត្រូវបានធ្វើឡើងពីកងកម្លាំងគាំទ្រដោយអ៊ីរ៉ង់។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby ក៏បានប្រាប់អ្នកសារព័ត៌មានដែរថា មាន «ការវាយប្រហារដោយគ្រាប់រ៉ុក្កែត និងយានដ្រូន ដោយក្រុមធ្វើសង្គ្រាមតំណាងគាំទ្រដោយអ៊ីរ៉ង់ ប្រឆាំងនឹងមូលដ្ឋានយោធា ដែលមានបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី»។
លោក Kirby បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឲ្យការគំរាមកំហែងណាមួយ ចំពោះផលប្រយោជន៍របស់ខ្លួនក្នុងតំបន់ប្រព្រឹត្តទៅដោយស្រួលៗនោះឡើយ។ លោកបានបន្ថែមថា សាររបស់សហរដ្ឋអាមេរិកទៅកាន់តួអង្គអរិភាពណាមួយ ដែលចង់បង្កើន ឬពង្រីកឥទ្ធិពលនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស គឺថា មិនត្រូវធ្វើបែបនោះជាដាច់ខាត៕