ភ្នំពេញ ៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសំណូមពរឲ្យ អូស្ត្រាលី ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមទៅនឹងការកកស្ទះចរាចរណ៍។
ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនភាគីអូស្រ្តាលីថា គិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលប្រកបរបរនានាមានប្រមាណជា ៣លាននាក់ មានរថយន្តប្រមាណ ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង ២លាន ២សែនគ្រឿង ពោលគឺចំនួនមនុស្ស និងយានយន្តសឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើឲ្យរាជធានីប្រឈមទៅនឹងការកកស្ទះរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ដូច្នេះហើយ ឯកឧត្តម មានសុះណូមពរឲ្យមាននិយោគទុនរបស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍ រាជធានភ្នំពេញក៏មានបញ្ហាប្រឈមទៅនឹងប្រព័ន្ធលូប្រឡាយផងដែរ ដែល
បញ្ហានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញលែងលិចលង់ ក្នុងរយៈពេល៤ឆ្នាំទៀត។
ឯកឧត្តម ចាស្ទីន វ៉ាយអេត បានមានប្រសាសន៍ថា កាលពីឆ្នាំ២០០១ ឯកឧត្តម បានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលឯកឧត្ដមមកដល់ភ្នំពេញម្តងទៀតឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង ហើយការមកសម្ដែងការគួរសមនេះ ឯកឧត្តមមានបំណងចង់ស្ដាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ ទំនាក់ទំនងរវាងកម្ពុជា និងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានគៀងគរអ្នកវិនិយោគអូស្ត្រាលីមកវិនិយោគលើវិស័យនេះជាច្រើន។ ទំនាក់ទំនង រវាងកម្ពុជា និងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិ និងសន្តិសុខជាដើម៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា







