ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួធម្មការ និងសាសនា អនុញ្ញាតឱ្យអគ្គអភិបាល សិលា បាយអិន វលស៍ អគ្គរាជទូតសន្តអាសនៈ ប្រចាំនៅកម្ពុជា ដឹកនាំអភិបាលព្រះសហគមន៍កាតូលិកកម្ពុជា ភូមិភាគភ្នំពេញ ភូមិភាគកំពង់ចាម និងការិយាល័យអប់រំជំនឿកាតូលិកភ្នំពេញ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងនាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។
នៅក្នុងជំនួបនេះ អគ្គរាជទូតសន្តអាសនៈ ព្រះសហគមន៍កាតូលិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នាឱកាសនេះ បាននាំមកនៅគោលបំណងសំខាន់ៗជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តី រួមមាន៖
១. ជម្រាបជូនអំពីប្រវត្តិសាសនា គ្រិស្តនិងនិកាយកាតូលិក ដែលចូលមកប្រទេសកម្ពុជា។
២. ជម្រាបជូន អំពីសកម្មភាពអប់រំ មនុស្សធម៌ និងសកម្មភាពសុខាភិបាល។
៣. ពង្រឹងនៅការសហការជាមួយក្រសួងធម្មការ និងសាសនា លើសាសនាគ្រិស្ត នៅប្រទេសកម្ពុជា។
៤. គាំទ្ររាល់នៅសកម្មភាព របស់ក្រសួងធម្មការ និងសាសនា លើការគ្រប់គ្រងគ្រប់សាសនាទាំងអស់ នៅកម្ពុជា ពិសេសរាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ចាយ បូរិន បានឆ្លើយតបដោយក្តីរីករាយ និងស្វាគមន៍និកាយកាតូលិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលតែងតែសហការជាមួយអជ្ញាធរ ពិសេសក្រសួងធម្មការ និងសាសនា។ ក្នុងនោះឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសកម្ពុជា មានសិទ្ធពេញលេញនៅក្នុងជំនឿទៅតាមចំនូលចិត្តរបស់ខ្លួន ដោយផ្តោតលើពាក្យស្លោកថា សុខដុមរមនាសាសនាគឺមានតែនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ៕
អត្ថបទ រដ្ឋា




