កំពង់ធំ ៖ សិប្បកម្មកែច្នៃស្វាយចន្ទីស្ថិតក្នុងខេត្តកំពង់ធំ បាននាំចេញលើកដំបូងគ្រាប់ស្វាយចន្ទី ទៅកាន់ប្រទេសជប៉ុន ដោយផ្ទាល់ ឆ្លុះបញ្ចាំងពីទីផ្សារក្រៅប្រទេសកាន់តែធំ សម្រាប់កសិផលខ្មែរ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សិប្បកម្មមួយកន្លែងស្ថិតនៅខេត្តកំពង់ធំ នៃប្រទេសកម្ពុជាពេលនេះ ទទួលបានជោគជ័យក្នុងការនាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសជប៉ុន ដោយប្រើប្រាស់រយៈពេលដឹកជញ្ជូនប្រមាណ ១ខែ។
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២១កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា ដោយមានការជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការជាមួយនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើឲ្យម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកមួយ ដែលមានឈ្មោះថា សិប្បកម្មកែច្នៃស្វាយចន្ទីរបស់សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ ស្ថិតនៅខេត្តកំពង់ធំ បានបង្កើតចេញជារោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ដោយបានប្រើប្រាស់អស់ថវិកាចំនួន ២០ម៉ឺនដុល្លារអាមេរិក ក្នុងគោលបំណងដើម្បីលើកកម្ពស់គ្រាប់ស្វាយចន្ទីកម្ពុជា ។
ឯកឧត្តម លើកឡើងថា សិប្បកម្មកែច្នៃនេះ កន្លងមកបានធ្វើការកែច្នៃដោយដៃប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលមានតម្រូវការច្រើន ក្រុមហ៊ុនជប៉ុន ក៏បានផ្តល់ជំនួយបច្ចេកទេស និងប្រាក់កក់មួយចំនួនបានធ្វើសិប្បកម្មមួយនេះអាចមានលទ្ធភាព បង្កើតរោងចក្រកែច្នៃនេះឡើងបានដោយជោគជ័យ។
ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈនៃកិច្ចសហប្រតិបត្តិការខាងលើមកដល់ថ្ងៃទី២ ខែមិថុនាកន្លងទៅនេះ សិប្បកម្មកែច្នៃស្វាយចន្ទីជ័យសំបូរ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងដែលបានកែច្នៃរួច ចំនួនសរុបជាង ៧ ៦០០ គីឡូក្រាម ទៅដល់កំពង់ផែអូសាកា នៃប្រទេសជប៉ុនរួចហើយ ដោយត្រូវប្រើប្រាស់រយៈពេល ១ខែ ដោយគិតចាប់ពីការរៀបចំដាក់បញ្ចូលទូកុងតឺនើ នៅទីតាំងសិប្បកម្ម។
សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម និងមួយចំនួនសម្រាប់ទីផ្សារក្នុងស្រុក។ ទិន្នន័យពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី មានចំនួន ៨០១ ៧៣២,២៦ តោន កើនឡើងចំនួន ៣២១ភាគរយ ក្នុងនៅ នាំចេញទៅប្រទេសចិនចំនួន ៣ ៥៦៦ តោន ប្រទេសឥណ្ឌាចំនួន ១៧ តោន ប្រទេសជប៉ុនចំនួន ៣៣ តោន ប្រទេសឡាវចំនួន ២ តោន ប្រទេសអារ៉ាប់ចំនួន ០,៥២ តោន ប្រទេសថៃចំនួន ៣ ១០៨ តោន និងប្រទេសវៀតណាមចំនួន៧៩៥ ០០៤ តោន៕
អត្ថបទ ឈិត បូរ៉ាវី


