
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទ (ទី២៣ តុលា) នេះថា លោកនឹងជំរុញសមភាគីអាមេរិករបស់លោក គឺលោក Joe Biden ឲ្យបើកការសន្ទនាជាមួយប្រទេសគុយបា បន្ទាប់ពីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំពិភាក្សា កាលពីចុងសប្តាហ៍ ក្នុងគោលបំណងរទប់ស្កាត់ការកើនឡើងយ៉ាងខ្លាំងនៃជនអន្តោប្រវេសន៍ ដែលចេញពីប្រទេសតំបន់អាមេរិកឡាទីនឆ្ពោះទៅកាន់សហរដ្ឋអាមេរិក។
ពលរដ្ឋគុយបាស្ថិត ក្នុងចំណោមសញ្ជាតិ ដែលត្រូវបានចាប់ខ្លួនញឹកញាប់បំផុត នៅព្រំដែនអាមេរិក-ម៉ិកស៊ិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយលោក Lopez Obrador បានលើកឡើងថា ការហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសនេះ គឺជា «ការរំលោភសិទ្ធិមនុស្សយ៉ាងខ្លាំងក្លា» ហើយគួរតែត្រូវបានបញ្ចប់។
លោក Lopez Obrador កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) បានជួបជាមួយមេដឹកនាំមកពីប្រជជាតិអាមេរិកឡាទីន ក្នុងនោះរួមទាំងប្រធានាធិបតីគុយបា លោក Miguel Diaz-Canel និងប្រធានាធិបតីវេណេហ្សុយអេឡា លោក Nicolas Maduro នៅរដ្ឋ Chiapas ភាគខាងត្បូង ដើម្បីរិះរកមធ្យោបាយធ្វើឲ្យជនអន្តោប្រវេសន៍ស្ថិតនៅក្រោមការគ្រប់គ្រង។
លោក Lopez Obrador គ្រោងនឹងជួបជាមួយលោក Biden អំឡុងកិច្ចប្រជុំកំពូលនៅទីក្រុង San Francisco នាខែក្រោយ ហើយលោកបាននិយាយថា លោកនឹងពិភាក្សាពីបញ្ហាគុយបាជាមួយមេដឹកនាំរបស់សហរដ្ឋអាមេរិក៕