
ក្រុមស្ម័គ្រចិត្តតំបន់ហ្គាហ្សា បានផ្តល់ចំណីអាហារសប្បុរធម៌ដល់ជនប៉ាឡេស្ទីនដែលរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយសារការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ហើយនិងបានបោះជម្រកនៅក្នុងសាលារៀនគ្រប់គ្រងដោយអង្គការសហប្រជាជាតិ(UN) ស្ថិតនៅតំបន់ភាគខាងត្បូងហ្គាហ្សា ។
នៅក្នុងរូបភាពវីដេអូឃ្លីប ឃើញក្រុមស្ម័គ្រចិត្តកូរទឹកសម្លនៅក្នុងឆ្នាំងដ៏ធំមួយ ហើយនិងបានដួសទឹកសម្លដាក់ក្នុងចានរបស់ក្មេងៗ និងមនុស្សពេញវ័យនៅក្នុងសាលារៀន ។
ការឡោមព័ទ្ធទាំងស្រុងតំបន់ហ្គាហ្សារបស់អ៊ីស្រាអែលដែលបានធ្វើឡើងក្រោយការវាយប្រហារឆ្លងកាត់ព្រំដែនថ្ងៃទី ៧ ខែតុលា ទៅលើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែលដោយក្រុមចលនាជីវពលអ៊ីស្លាមហាម៉ាស់នោះ បានធ្វើឲ្យមនុស្ស ២,៣លាននាក់នៅក្នុងតំបន់បិទច្រកមួយនេះ អស់ស្បៀងអាហារ ទឹក ឱសថ និងប្រេងឥន្ធនៈ ។
មនុស្សជាង ១លាននាក់ បានរស់នៅតំបន់ភាគខាងជើងតំបន់ហ្គាហ្សាស្រ្ទីប ហើយមនុស្សរាប់សែននាក់ បានរត់ភៀសខ្លួនទៅតំបន់ភាគខាងត្បូង ដើម្បីស្វែងរកទីជម្រក បើទោះបីជាការវាយប្រហារតាមច្រកអាកាស និងកាំភ្លើងធំឥតឈប់ឈរ បានត្រូវចំតំបន់ភាគខាងត្បូងដែលពួកគេបានរត់ភៀសខ្លួនទៅកាន់ក៏ដោយ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា ជនប៉ាឡេស្ទីនប្រហែល ៤.៦៥០នាក់ ត្រូវបានសម្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្នុងនោះមនុស្ស ២៦៦នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំងកុមារ ១១៧នាក់ផងដែរ ។
លោក Hani Abu Moussa គឺជាអ្នករៀបចំកម្មវិធីចែកចាយចំណីអាហារ និយាយថា ពួកយើងបានប្រមូលការបរិច្ចាគពីជនប៉ាឡេស្ទីននៅក្រៅតំបន់ហ្គាហ្សា ហើយមាននូវកញ្ចប់ចំណីអាហារដែលពួកយើងចែកចាយផងដែរ ។ ពួកយើងមិនភ្លេចស្ថានភាពលំបាកដែលពួកយើងរស់នៅផ្នែកម្ខាង ហើយនិងការលំបាកក្នុងការទទួលបានសម្ភារៈពីផ្នែកម្ខាងទៀតនោះទេ ។
លោកបន្តថា ពួកយើងស្ថិតនៅក្នុងថ្ងៃចុងក្រោយនៃការចែកចាយចំណីអាហាររបស់ពួកយើង ពីព្រោះថាពួកយើងនឹងលែងឈប់ចែកចាយ ដោយសារតែខ្វះខាតការផ្គត់ផ្គង់ ៕