ទីភ្នាក់ងារផ្តល់ជំនួយកំពុងអំពាវនាវឲ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ខណៈក្រុមវេជ្ជបណ្ឌិត ព្រមានពីការរារាំងប្រេងឥន្ធនៈរបស់អ៊ីស្រាអែល ដែលមានន័យថាទារកដែលងាយរងគ្រោះជាច្រើននាក់បន្ថែមទៀត និងអ្នករងរបួសនៅក្នុងមន្ទីរពេទ្យនានា នឹងស្លាប់ក្នុងពេលឆាប់ៗនេះ។ ទីភ្នាក់ងារមួយ បាននិយាយថាកុមារយ៉ាងហោចណាស់២.០០០នាក់ នៅក្នុងតំបន់ហ្គាហ្សា បានស្លាប់ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងទៅនេះ។
ប្រទេសអ៊ីស្រាអែល បានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាដែលហ៊ុមព័ទ្ធ ខណៈរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសនេះ លោក Yoav Gallant បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក កំពុងត្រៀមសម្រាប់ប្រតិបត្តិការពហុភាគីទៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ដោយប្រតិបត្តិការនឹងត្រូវធ្វើឡើងតាមអាកាស ដីគោក និងតាមសមុទ្រ។
មេដឹកនាំប្រទេសអ៊ីស្រាអែល បានប្តេជ្ញាកម្ទេចក្រុមហាម៉ាស់ ជាការឆ្លើយតបទៅនឹង ការវាយប្រហារភេរវកម្មដ៏ឃោឃៅកាលពីថ្ងៃទី៧ ខែតុលា និងការសម្រុកចូលចាប់ពង្រាត់ បណ្តាលឲ្យមនុស្ស១.៤០០នាក់ ភាគច្រើនជាជនស៊ីវិល បានស្លាប់ និងជាង២០០នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរ។
អង្គការសង្គ្រោះកុមារ ឬ Save the Children បាននិយាយកាលពីថ្ងៃចន្ទថាកុមារជាង១លាននាក់ បានជាប់នៅក្នុងតំបន់ហ្គាហ្សា ដោយពុំមានកន្លែងសុវត្ថិភាពត្រូវទៅនោះទេ និងបានព្រមានពីផលប៉ះពាល់ដ៏មហន្តរាយ នៃកង្វះឱសថព្យាបាល និងអគ្គិសនីដើម្បីផ្តល់ទៅឲ្យហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលជាសំខាន់ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។