
បើទោះបីជាកម្រិតខ្យល់កខ្វក់នៅរដ្ឋធានីញូវដែល្លី ធ្លាក់ចុះបើធៀបនឹងកាលពីរយៈពេលប៉ុន្មានថ្ងៃមុនក៏ដោយ ផ្សែងអ័ព្ទនៅតែបង្កស្ថានភាពលំបាកនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះដដែល ។
សន្ទស្សន៍គុណភាពខ្យល់ជាតិ បានរាយការណ៍ថា គុណភាពខ្យល់នៅអន់នាថ្ងៃអង្គារនេះ ខណៈដែលកម្រិតខ្យល់អន់ខ្លាំងកាលពីថ្ងៃចន្ទ ។
រដ្ឋាភិបាលក្រុងដែល្លី អនុម័តដំណាក់កាលទី ២នៃផែនការវិធានការឆ្លើយតបតាមកម្រិត(GRAP) ដើម្បីដោះស្រាយស្ថានភាពដែលជំរុញឲ្យអ្នកដំណើរប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈ និងជៀសវាងការប្រើប្រាស់រថយន្តឯកជន ស្របពេលដែលបញ្ជាឲ្យរដ្ឋាភិបាលបង្កើនការប្រើប្រាស់រថយន្តក្រុងអគ្គិសនី និងរថភ្លើងល្បឿនលឿន ។
បើទោះបីជាប្រជាពលរដ្ឋមើលឃើញពីការធ្លាក់ចុះកម្រិតខ្យល់កខ្វក់យ៉ាងណាក្តី ពួកគេនិយាយថា គុណភាពខ្យល់នៅតែអាក្រក់ដដែល ស្របពេលដែលរដូវបុណ្យទាន និងរដូវរងាខិតជិតមកដល់ ។
ផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក តែងតែកើតមាននៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ នៅរៀងរាល់រដូវរងា ពេលដែលអាកាសធាតុត្រជាក់ និងខ្យល់ធ្ងន់ ធ្វើឲ្យជាប់ធូលីសំណង់ ការបំភាយឧស្ម័នរបស់រថយន្ត ហើយនិងផ្សែងពីការដុតដំណាំនៅរដ្ឋជិតខាង ធ្វើឲ្យកើតមានជំងឺផ្លូវដង្ហើម នៅក្នុងចំណោមប្រជាពលរដ្ឋ ២០លាននាក់ នៅក្នុងទីក្រុងមួយនេះ ។
លោក Subhash ដែលជាអ្នកដំណើរមួយរូបនិយាយថា រដូវរងាជិតមកដល់ហើយ ហើយបើសិនជាពួកគេនិយាយពីកម្រិតខ្យល់កខ្វក់ សន្ទស្សន៍គុណភាពខ្យល់ នៅតែអន់នាពេលសព្វថ្ងៃនេះ ។
លោកបន្តថា ប៉ុន្តែជារៀងរាល់ឆ្នាំ ពេលដែលរដូវបុណ្យទានបានមកដល់ ពួកយើងបានមើលឃើញគុណភាពខ្យល់ លោតពីកម្រិតអន់ មកនៅកម្រិតធ្ងន់ធ្ងរ និងកម្រិតធ្ងន់ធ្ងរបំផុត ។ បើទោះបីជាវាមិនទាន់ឈានដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី ពួកយើងបានស៊ាំទៅហើយនឹងកម្រិតគុណភាពខ្យល់អន់បែបនេះ ៕