
អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា លោក និងសម្តេចប៉ាប Francis ស្ថិតនៅលើមាគ៌ាតែមួយ ក្នុងលក្ខខណ្ឌរកវិធីសាស្រ្តល្អបំផុត ក្នុងការជួយដល់ជម្លោះកំពុងកើតឡើងនៅតំបន់ហ្គាហ្សា ។
សេតវិមាន និងវិមានវ៉ាទីកង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាថា លោក Bidenបាននិយាយជាមួយសម្តេចប៉ាប Francis កាលពីថ្ងៃអាទិត្យ និងបានពិភាក្សាលើជម្លោះកំពុងកើតឡើងរវាងអ៊ីស្រាអែល និងក្រុមជីវពលហាម៉ាស់របស់ប៉ាឡេស្ទីន ។
លោក Bidenនិយាយថា សម្តេចប៉ាប Francis ចាប់អារម្មណ៍ខ្លាំងលើអ្វីដែលពួកយើងកំពុងធ្វើដើម្បីដោះស្រាយវិបត្តិដែលពួកយើងកំពុងប្រឈម ជាពិសេសនៅអ៊ីស្រាអែលនៅពេលនេះ ហើយលោកបានបង្ហាញទ្រង់នូវអ្វីដែលជាផែនការហ្គេម វិធីសាស្រ្តដែលពួកយើងគិតថា ពួកយើងគួរតែផ្តល់ជំនួយដល់អ៊ីស្រាអែលដែលពួកគេត្រូវការ ហើយព្រះអង្គបានគាំទ្រអ្វីៗគ្រប់បែបយ៉ាងដែលពួកយើងកំពុងធ្វើ ។
នៅមុននេះ វិមានវ៉ាទីកង់ បាននិយាយថា ការនិយាយគ្នាតាមទូរស័ព្ទរយៈពេលប្រហែល ២០នាក់ បានផ្តោតសំខាន់លើស្ថានភាពជម្លោះនៅលើពិភពលោក ហើយនិងតម្រូវការបញ្ជាក់មាគ៌ាឆ្ពោះទៅរកសន្តិភាព ។
គួរឲ្យដឹងថា ក្រុមជីវពលហាម៉ាស់ បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ ។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានសងសឹកវិញជាមួយនឹងការវាយប្រហារតាមច្រកអាកាសស្លាប់មនុស្ស លើតំបន់ហ្គាហ្សា គឺជាតំបន់ចម្រៀកដីមានបណ្តោយប្រវែង ៤៥គ.ម ដែលជាផ្នែកមួយនៃដែនដីប៉ាឡេស្ទីន កាន់កាប់ដោយអ៊ីស្រាអែល ហើយនិងមានប្រជាពលរដ្ឋរស់នៅ ២,៣លាននាក់ ៕