
ក្រុមមកពីជុំវិញពិភពលោក បានចាកចេញពីទីក្រុង Darwin កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមការប្រណាំងរថយន្តអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យរបស់ពួកគេនៅទូទាំងប្រទេសអូស្រ្តាលី រហូតដល់ទីក្រុងដាច់ស្រយាលភាគខាងត្បូង Adelaide អំឡុងព្រឹត្តការណ៍ Bridgestone World Solar Challenge 2023 ។
ព្រឹត្តការណ៍រថយន្តនេះ បន្តធ្វើរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ ដោយក្រុមនិមួយៗចូលរួមការប្រណាំងត្រូវបញ្ចប់ផ្លូវរបស់ពួកគេក្នុងពេលវេលាលឿនបំផុត ។
ផ្លូវចម្ងាយ ៣ពាន់គ.ម គឺជាប្រណាំងមួយក្នុងចំណោមការប្រណាំងរថយន្តដើរថាមពលពន្លឺព្រះអាទិត្យមានកិត្យានុភាពបំផុតនៅលើពិភពលោក ដែលត្រូវបានគេបង្កើតឡើង ដើម្បីពង្រឹងការអភិវឌ្ឍន៍រថយន្តដើរដោយថាមពលពន្លឺព្រះអាទិត្យ ។
ភាគច្រើននៃអ្នកចូលរួមមកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមហ៊ុនរថយន្តធំៗ បានបង្កើនការចូលរួមរបស់ពួកគេផងដែរ ដោយប្រើប្រាស់ព្រឹត្តការណ៍នេះជាការធ្វើតេស្តបច្ចេកវិទ្យានាពេលអនាគតសម្រាប់រថយន្តអគ្គិសនី ។
តាមភាសាផ្លូវការណ៍ ព្រឹត្តការណ៍ Bridgestone World Solar Challenge មិនមែនជាការប្រណាំងរថយន្តនោះទេ បើទោះបីជាក្រុមនិមួយដែលចូលរួមការប្រកួត ត្រូវតែដល់ខ្សែទីផ្តាច់ព្រ័ត្រក្នុងរយៈពេលលឿនបំផុតក៏ដោយ ។
ក្រុមដែលចូលរួមការប្រណាំងចាប់ពីទីក្រុង Darwin ដល់ទីក្រុង Adelaide នេះ នឹងប្រឈមនឹងលក្ខខណ្ឌធ្ងន់ធ្ងរមួយចំនួន រួមទាំងសីតុណ្ហភាពក្តៅខ្លាំងរហូតដល់ ៤០អង្សាសេ ក៏ដូចជាការបោះជំរំនៅពេលយប់នៅតំបន់ដែលសម្បូរសត្វអសិរពិសបំផុតនៅលើពិភពលោក ។
ក្រុមទាំងនេះ នឹងត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវមានខ្យល់បក់ខ្លាំងនៅវាលខ្យាច់ Great Victoria ផងដែរ ដែលស្ថិតនៅឆ្ងាយដាច់ស្រយាល នៅភាគខាងត្បូងប្រទេសអូស្រ្តាលី ៕