
មន្ត្រីស៊ើបអង្កេតការលើសម្លាប់មេដឹកនាំព្រះវិហារជ្វីហ្វ នៅក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍ បាននិយាយ កាលពីថ្ងៃចន្ទ (ទី២៣ តុលា) ថា ឧក្រិដ្ឋកម្មនេះហាក់ដូចជាមិនមានហេតុផលពាក់ព័ន្ធនឹងការប្រឆាំងពួកជនជាតិជ្វីហ្វនោះទេ ទោះបីជាការស៊ើបអង្កេត នៅតែកំពុងបន្តធ្វើក៏ដោយ។
មេនគរបាលក្រុង Detroit លោក James White បានប្រាប់ថា គ្មានហេតុផលអ្វី ដែលត្រូវជឿថា ការធ្វើឃាតលើលោកស្រី Samantha Woll វ័យ ៤០ឆ្នាំ ដែលជាប្រធាននៃព្រះវិហារជ្វីហ្វ Isaac Agree Downtown Synagogue គឺជាផ្នែកនៃការកើនឡើងនូវទស្សនៈប្រឆាំងជនជាតិជ្វីហ្វ នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះនោះតេ ខណៈដែលការផ្ទុះសង្រ្គាម នៅប្រទេសអ៊ីស្រាអែល បានបង្កើតឲ្យមានអរិភាពប្រឆាំងទាំងជនជាតិជ្វីហ្វ និងពួកមូស្លីម។
លោកស្រី Woll ត្រូវបានគេរកឃើញថា ត្រូវគេចាក់សម្លាប់នៅខាងក្រៅផ្ទះរបស់លោកស្រីក្នុងសង្កាត់ Lafayette Park ក្នុងក្រុង Detroit កាលពីថ្ងៃសៅរ៍ (ទី២១ ខែតុលា)។ នគរបាលបានប្រាប់ថា ពួកគេជឿថា ប្រធានរូបនេះត្រូវបានគេសម្លាប់នៅក្នុងផ្ទះរបស់ខ្លួន បន្ទាប់ពីបានត្រឡប់មកពីចូលរួមពិធីមង្គលការ នៅព្រឹកព្រហាមថ្ងៃសៅរ៍នោះ ហើយភស្តុតាងដែលប្រឡាក់ដោយឈាមបង្ហាញថា ជនរងគ្រោះជំពប់ជើងដួល នៅខាងក្រៅបន្ទាប់ពីត្រូវបានវាយប្រហារដោយជនល្មើស។
នគរបាលបានបដិសេធមិនធ្វើអត្ថាធិប្បាយពីហេតុផលជំរុញចិត្តដែលអាចទៅរួច នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទនោះទេ ហើយបាននិយាយថា ពួកគេកំពុងតាមអង្កេតលើមនុស្សជាច្រើន ពាក់ព័ន្ធនឹងករណីនេះ៕