
នៅថ្ងៃអង្គារនេះ ព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានជំរុញឲ្យសហគមន៍អន្តរជាតិមិនត្រូវផ្តល់សិទ្ធិអំណាចដល់អ៊ីស្រាអែលឲ្យកាប់សម្លាប់ជនប៉ាឡេស្ទីនតាមតែអំពើចិត្តពួកគេនោះឡើយ នៅក្នុងសង្រ្គាម ជាមួយក្រុមជីវពលហាម៉ាស់ គឺជាសង្រ្គាមមួយដែលទ្រង់ចាត់ទុកថាជាការកើនឡើងដ៏គ្រោះថ្នាក់ គំរាមកំហែងដល់សន្តិសុខសកលលោក ។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំបើកក្រុមប្រឹក្សា Shura របស់រដ្ឋឈូងសមុទ្រអារ៉ាប់ ដែលជាសេចក្តីអធិប្បាយសាធារណៈលើកដំបូងរបស់ទ្រង់ ចាប់តាំងពីកាតា ចាប់ផ្តើមកិច្ចខិតខំកាលពីពេលថ្មីៗកន្លងមកនេះ ដើម្បីសម្របសម្រួលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់នោះ ព្រះអង្គម្ចាស់ Sheikh Tamim មានព្រះបន្ទូលថា ពួកយើងនិយាយគ្រប់គ្រាន់ហើយ ។ អ៊ីស្រាអែលមិនគួរត្រូវបានគេផ្តល់ភ្លើងខៀវគ្មានលក្ខខណ្ឌ ហើយនិងសិទ្ធិអំណាចតាមតែអំពើចិត្ត ចង់កាប់សម្លាប់គេឯងនោះទេ ។
ព្រះអង្គមានព្រះបន្ទូលទៀតថា ពួកយើងបានអំពាវនាវឲ្យមានគោលជំហរក្នុងតំបន់ និងអន្តរជាតិរឹងមាំប្រឆាំងនឹងការកើនឡើងដ៏គ្រោះថ្នាក់ដែលពួកយើងមើលឃើញ ដែលគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងនៅលើពិភពលោក ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន និយាយថា ចំនួនមនុស្សស្លាប់សរុបនៅតំបន់ហ្គាហ្សា បានកើនឡើងជាង ៥ពាន់នាក់ អំឡុងការវាយប្រហារតាមច្រកអាកាសរយៈពេល ២សប្តាហ៍របស់អ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា លើតំបន់ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលក្រុមជីវពលអ៊ីស្លាមួយនេះ បានសម្លាប់មនុស្សជាង ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២០០នាក់ ។
ចាប់តាំងពីពេលនោះមក ប្រទេសអ្នកមានដោយសារផលិតប្រេងកាតា មាននូវការជជែកដេញដោលដោយបើកចំហរទាំងជាមួយអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានដោះលែងចំណាប់ថ្នូរ ៤នាក់ រួមទាំងស្រ្តីជនជាតិអ៊ីស្រាអែល ២នាក់ កាលពីថ្ងៃចន្ទ ៕