
លោក Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយនៅថ្ងៃអង្គារនេះថា យោធាបានត្រៀមខ្លួន និងប្តេជ្ញាចិត្តរួចរាល់សម្រាប់ដំណាក់កាលបន្ទាប់នៅក្នុងសង្រ្គាម ហើយនៅរង់ចាំតែការណែនាំពីថ្នាក់លើប៉ុណ្ណោះ ។
លោកនិយាយថា អ៊ីស្រាអែល បានរៀនសូត្រពីបទពិសោធន៍សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែសង្រ្គាមរបស់ពួកយើង ស្ថិតនៅលើព្រំដែនរបស់ពួកយើង មិនមែននៅឆ្ងាយរាប់ពាន់ម៉ៃល៍ពីអ៊ីស្រាអែលនោះទេ ហើយលោករំពឹងថា ទៅមុខនឹងមានសង្រ្គាមរយៈពេលច្រើនសប្តាហ៍ទៀត ។
លោក Hagari បន្តថា អេហ្ស៊ីបដើរតួយ៉ាងសំខាន់ក្នុងការចរចាសម្រាប់ការដោះលែងចំណាប់ថ្នូរពីតំបន់ហ្គាហ្សា ដែលលោកនិយាយថា គឺជាអាទិភាពកំពូលសម្រាប់អ៊ីស្រាអែល ។
លោកថា ក្រុមសកម្មប្រយុទ្ធរបស់ពួកយើង ក្រុមសកម្មប្រយុទ្ធកងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF)បានត្រៀមខ្លួន និងប្តេជ្ញាចិត្តរួចរាល់នៅលើសមរភូមិប្រយុទ្ធ ពួកគេបន្តហ្វឹកហាត់ សម្រាប់ថ្ងៃដែលធ្លាក់បទបញ្ជា ៕