
ក្រសួងការបរទេសរបស់ប្រទេសចិន នៅអង្គារ (ទី២៤ ខែតុលា) នេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិកធ្វើការរួមគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងដោះស្រាយការខ្វែងគំនិតគ្នា ក្នុងគោលបំណងស្តារទំនាក់ទំនងទ្វេភាគីឲ្យល្អប្រសើរឡើងវិញ។
ជាមួយគ្នានេះ ក្រសួងក៏បានបញ្ជាក់ដែរថា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ពីថ្ងៃទី២៦ ដល់ទី២៨ ខែតុលា ដោយដំណើរទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោននោះ លោក Wang នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងលោក Jake Sullivan ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោកប្រធានាធិបតី Joe Biden តែយ៉ាងណា ក្រសួងបដិសេធមិននិយាយថា តើលោករដ្ឋមន្ត្រីការបរទេសរូបនេះ នឹងជួបជាមួយលោក Biden ដែរ ឬអត់។
ដំណើរទស្សនកិច្ចនេះនឹងក្លាយជាការជួបគ្នាដោយផ្ទាល់ ក្នុងកម្រិតខ្ពស់បំផុត មុនមានជំនួប ដែលត្រូវបានរំពឹងទុក រវាងលោក Biden និងមេដឹកនាំកំពូលរបស់ចិន លោក Xi Jinping នៅទីក្រុង San Francisco សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។ នេះក៏ជាដំណើរទស្សនកិច្ចទៅវិញទៅមកដែលទន្ទឹងរង់ចាំជាយូរមកហើយ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើនរូប ក្នុងនោះរួមមានទាំងលោក Blinken បានធ្វើទៅកាន់ទីក្រុងប៉េកាំង នៅរដូវក្តៅនេះ៕