
អភិបាលតំបន់ដូនេត ដែលលើកបន្ដុបដោយរុស្ស៊ី លោក អាឡិចស៊ី គូលេមហ្ស៊ិន បាននិយាយនៅក្នុង
គណនីបណ្តាញសង្គមរបស់ខ្លួនថា មនុស្សម្នាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួសនៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការបាញ់ផ្លោងធ្លាក់ចូលក្នុងក្រុងដូនេតរបស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី និងបានដាក់ស្ដីបន្ទោសហេតុការនោះទៅលើភាគីអ៊ុយក្រែន។
លោកគូលេមហ្ស៊ីន បានបន្ថែមថា ស្រុកពីរបានទទួលរងការបាញ់ផ្លោងដែលក្នុងនោះមានទាណងមីស៊ីលមួយចំនួនបានផ្ទុះនៅជិតស្ថានីយរថភ្លើងដ៏សំខាន់មួយរបស់ក្រុងនេះដោយអំបែងគ្រាប់ខ្លះ ត្រូវបានគេរកឃើញនៅកន្លែងជាច្រើន។
មិនមានសេចក្ដីថ្លែងការផ្លូវការណាមួយដែលទាក់ទងនឹងការបាញ់ផ្លោងនេះចេញពីភាគីអ៊ុយក្រែននៅឡើយទេ។
ក្រុងដូនេត បានស្ថិតនៅក្រោមការគ្រប់គ្រងរុស្ស៊ី ចាប់តាំងពីឆ្នាំ២០១៤ ប៉ុន្ដែកងទ័ពអ៊ុយក្រែន នៅតែបន្ដ កាន់កាប់ទីតាំងច្រើននៅជាយក្រុង ហើយក្រុងនេះ តែងតែទទួលរងការបាញ់ផ្លោងពីកាំភ្លើងផ្លោងជាញឹកញាប់ផងដែរ។
ដូនេតជាតំបន់មួយនៅក្នុងចំណោមតំបន់បួនរបស់អ៊ុយក្រែន ដែលរុស្ស៊ីកាន់កាប់ដោយផ្នែក និងបានអះអាងជារបស់ខ្លួនកាលពីឆ្នាំទៅនៅក្នុងសកម្មភាពមួយដែលប្រទេសភាគច្រើន បានថ្កោលទោសថាជាទង្វើខុសច្បាប់នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ៕