
នៅថ្ងៃអង្គារនេះ វិមានក្រឹមឡាំង បានធ្វើការច្រានចោលទាំងស្រុងការប៉ាន់ស្មានពីសុខភាពរបស់លោកប្រធានាធិបតី Vladimir Putin ដោយពួកគេនិយាយថា លោកមានសុខភាពល្អជាធម្មតាទេ ។
អំឡុងពេលទូរស័ព្ទតាមធម្មតាជាមួយក្រុមអ្នកសារព័ត៌មាន លោក Dmitry Peskov គឺជាអ្នកនាំពាក្យវិមានក្រឹមឡាំង បានច្រានចោលចំពោះការលើកឡើងថា ប្រធានាធិបតីរូបនេះ ប្រើប្រាស់ខ្លួនបែងភាគ ដោយលោកចាត់ទុកថា វាគឺជាការបញ្ឆោតដោយគ្មានហេតុផល ។
ក្រុមអ្នកសារព័ត៌មាន បានសួរលោក Peskov ពីសុខភាពរបស់លោក Putin បន្ទាប់ពីសេចក្តីរាយការណ៍គ្មានប្រភពច្បាស់លាស់មាននៅក្នុងបណ្តាញព័ត៌មានសង្គម Telegramរុស្ស៊ី ទទួលបានដោយសារព័ត៌មានលោកខាងលិចមួយចំនួនថា លោកប្រធានាធិបតីរូបនេះ ទទួលរងដំណាក់កាលកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃអាទិត្យ ។
លោក Putin ដែលជាអ្នកចូលចិត្តកីឡាយូដូនោះ បានឈានដល់វ័យ ៧១ឆ្នាំ កាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ ។ លោកនៅតែរក្សាកាលបរិច្ឆេតជំនួបយ៉ាងខ្លាំងក្លា ហើយនិងការបង្ហាញខ្លួនជាសាធារណៈ ដែលភាគច្រើនមានផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ។
កម្មវិធីកាលពីពេលថ្មីៗរបស់លោក រួមមានទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ក្នុងនោះមានទាំងការឈប់សំចត នៅទីក្រុង ២របស់រុស្ស៊ី ពេលធ្វើដំណើរវិលត្រឡប់មកវិញ ។
នៅក្នុងបទសម្ភាសន៍កាលពីឆ្នាំ ២០២០ លោក Putin បានច្រានចោលពាក្យចចាមអារ៉ាមជាយូរមកហើយថា លោកប្រើប្រាស់ខ្លួនបែងភាគ បើទោះបីជារូបលោកនិយាយទទួលស្គាល់ថា លោកធ្លាប់ប្រើប្រាស់ម្តងកាលពីមុនសម្រាប់ហេតុផលសន្តិសុខក៏ដោយ ៕