ប៉ាគីស្ថាន៖ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា គ្រោះថ្នាក់រថភ្លើងបុកគ្នាបានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៣៦នាក់ស្លាប់ និងជាង ៥០នាក់ផ្សេងទៀតរងរបួសនៅព្រឹកថ្ងៃចន្ទនេះ ក្នុងខេត្តស៊ីនភាគខាងត្បូងរបស់ប្រទេសប៉ាគីស្ថាន។

យោងតាមសេចក្ដីរាយការណ៍នានា ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងតំបន់រវាងស្ថានីយរថភ្លើង Raiti និងស្ថានីយរថភ្លើង Obaro ក្នុងស្រុក Ghotki នៃខេត្តស៊ីន។ ក្រោយការបុកគ្នាទូរថភ្លើងមួយចំនួននៃរថភ្លើងទាំង ២ខ្សែនោះបានធ្លាក់ចេញពីផ្លូវ និងក្រឡាប់ផ្ងារជើង។ ក្រុមអ្នកសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងដឹកជញ្ជូនសាកសព និងអ្នករបួសទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ឧបទ្ទវហេតុនេះបានកើតឡើងរវាងរថភ្លើងដឹកអ្នកដំណើរ Millat Express ដែលកំពុងធ្វើដំណើរទៅកាន់ភាគខាងកើតទីក្រុង Sargodha ពីខាងត្បូងទីក្រុងកំពង់ផែ Karachi និងរថភ្លើងដឹកអ្នកដំណើរ Sir Syed Express ដែលធ្វើដំណើរទៅកាន់ទីក្រុង Karachi មកពីទីក្រុង Rawalpindi៕
អត្ថបទ៖ សុខមាន