
នៅក្នុងសុន្ទរកថាជាវីដេអូទៅកាន់កិច្ចប្រជុំសន្តិសុខក្នុងទីក្រុង Prague សាធារណរដ្ឋឆេក នាថ្ងៃអង្គារនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយថា លោកនឹងបន្តដាក់សំពាធលើយោធារុស្ស៊ីនៅតំបន់គ្រីមៀ កាន់កាប់ដោយទីក្រុងម៉ូស្គូ ។
ទីក្រុងគីវ បានបង្កើនការវាយប្រហាររបស់ខ្លួនលើកងកម្លាំងរុស្ស៊ី នៅសមុទ្រខ្មៅ និងតំបន់គ្រីមៀ ដែលត្រូវបានរឹបអូស និងដាក់បញ្ចូលជាឧបសម្ព័ន្ធដោយទីក្រុងម៉ូស្គូ កាលពីឆ្នាំ ២០១៤ អំឡុងការវាយបករយៈពេលជិត ៥ខែរបស់ពួកគេ ។
លោក Zelenskiy និយាយថា ការគ្រប់គ្រងរបស់រុស្ស៊ីនៅសមុទ្រខ្មៅ ហើយនិងវត្តមានកងនាវារបស់ពួកគេនោះ បង្កើតឲ្យមានការភាន់ច្រឡំថា ការមានប្រៀបរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ គឺមិនអាចយកឈ្នះបាននោះទេ ។
លោកថា បច្ចុប្បន្នការភាន់ច្រឡំបែបនេះ រលាយអស់ហើយ ។ ខ្ញុំសូមរំឭកអ្នកពីលទ្ធផលរបស់ពួកយើងសម្រេចបាន ។ ទី ១ កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី លែងអាចប្រតិបត្តិការបានទៀតហើយនៅតំបន់ភាគខាងលិចសមុទ្រខ្មៅ ហើយពួកគេជម្លៀសបន្តិចម្តងៗចេញពីតំបន់គ្រីមៀ ហើយនេះគឺជាសមុទ្រផលប្រវត្តិសាស្រ្ត ។ ទី ២ សម្រាប់ក្រុមភេរវកររុស្ស៊ី គ្មានមូលដ្ឋានសុវត្ថិភាព និងផ្លូវភស្តុភារដែលអាចទុកចិត្តបាន នៅសេសសល់នោះទេ នៅតំបន់គ្រីមៀ ហើយនិងតំបន់កាន់កាប់មួយចំនួនទៀតនៅសមុទ្រខ្មៅ និងសមុទ្រអាហ្សូវ ។
លោកបន្តថា មកទល់នឹងពេលនេះ ពួកយើងនៅមិនទាន់គ្រប់គ្រងបានទាំងស្រុងតំបន់គ្រីមៀ និងដែនទឹកជុំវិញនោះទេ ប៉ុន្តែពួកយើងនឹងធ្វើឲ្យបាន គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ៕