
ជាការប្រតិកម្មទៅនឹងខិតបណ្ណយោធាអ៊ីស្រាអែលទម្លាក់ពីលើអាកាស ប្រជាពលរដ្ឋរស់នៅតំបន់ហ្គាហ្សា និយាយថា បើទោះបីជាមានការព្រមានពីអ៊ីស្រាអែលឲ្យចាកចេញ ក៏ពួកគេមិនចាកចេញទៅណានោះដែរ ។
ប្រជាពលរដ្ឋជាង ១លាននាក់ បានរស់នៅតំបន់ភាគខាងជើងហ្គាហ្សា ហើយពួកគេរាប់សែននាក់ បានធ្វើដំណើរទៅតំបន់ភាគខាងត្បូង ដើម្បីស្វែងរកទីជម្រកបណ្តោះអាសន្ន បើទោះបីជាមានការទម្លាក់គ្រាប់បែកឥតឈប់ឈរពីអ៊ីស្រាអែល ត្រូវចំតំបន់ដែលពួកគេធ្វើដំណើរទៅកាន់ក៏ដោយ ។
លោក Abu Ramadan គឺជាពលរដ្ឋមួយរូបរស់នៅតំបន់ហ្គាហ្សា និយាយថា ពួកយើងនឹងបន្តនៅទីនេះ នៅក្នុងទីក្រុងរបស់ពួកយើង ពួកយើងនឹងមិនទៅណាជាដាច់ខាត ។ បើសិនជាពួកគេចង់ទម្លាក់គ្រាប់បែកលើពួកយើង ឲ្យពួកគេទម្លាក់លើពួកយើងចុះ ពីព្រោះថាពួកយើងនឹងនៅទីនេះ ពួកយើងមិនទៅណាជាដាច់ខាត បើទោះបីជាឈាមរបស់ពួកយើងស្ងួតអស់រលីងពីខ្លួនប្រាណក៏ដោយ ។
អ៊ីស្រាអែល បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់រាប់សិបនាក់អំឡុងការវាយប្រហារតាមច្រកអាកាសកាលពីយប់លើតំបន់ហ្គាហ្សា ហើយពួកគេបានបញ្ជាក់ថា ពួកគេគ្មានបំណងបញ្ឈប់ការទម្លាក់គ្រាប់បែកលើតំបន់បិទច្រករបស់ប៉ាឡេស្ទីនមួយនេះឡើយ ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ បានឲ្យដឹងថា ជនប៉ាឡេស្ទីនជាង ៥ពាន់នាក់ ត្រូវបានសម្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ក្នុងនោះមនុស្ស ៤៣៦នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ រួមទាំងកុមារ ១១៧នាក់ផងដែរ ៕