
បណ្ដាក្រុមហ៊ុនស្នូលផ្នែកសេដ្ឋកិច្ចរបស់កោះតៃវ៉ាន់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន អាចនឹងត្រូវបង្ខំឲ្យផ្លាស់ចេញ ប្រសិនបើពួកគេរងនូវសម្ពាធដោយអយុត្តិធម៌។ នេះបើតាមមេដឹកនាំលំដាប់ទី២របស់កោះនេះ ដែលបានធ្វើការព្រមាន នៅថ្ងៃអង្គារ (ទី២៤ ខែតុលា) បន្ទាប់ពីអាជ្ញាធរចិន បានចាប់ផ្តើមការស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរដ្ឋចិន Global Times កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក បានឲ្យដឹងថា ក្រុមហ៊ុនដែលមានមូលដ្ឋាន នៅកោះតៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំបំផុតមួយរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់ទូរស័ព្ទ iPhone របស់ក្រុម Apple កំពុងស្ថិតក្រោមការស៊ើបអង្កេតលើការបង់ពន្ធ និងការប្រើប្រាស់ដីធ្លី ក្នុងខេត្តមួយចំនួនរបស់ប្រទេសចិន។
សារព័ត៌មាននេះមិនបានបញ្ជាក់ពីអ្វី ដែលអាជ្ញាធរកំពុងត្រួតពិនិត្យ ឬបទល្មើសអ្វី ដែលក្រុម Foxconn អាចនឹងប្រព្រឹត្តនោះទេ។ ក្រុមហ៊ុន Foxconn បានឲ្យដឹងនៅថ្ងៃអាទិត្យនោះថា ខ្លួននឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ «សម្រាប់ប្រតិបត្តិការដែលពាក់ព័ន្ធ» ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
ការស៊ើបអង្កេតនេះកើតឡើង នៅពេលដែលកោះស្វ័យគ្រប់គ្រងមួយនេះ ដែលទីក្រុងប៉េកាំងអះអាងថា ជាចំណែកនៃទឹកដីរបស់ខ្លួន និងដែលបានប្តេជ្ញាថា នឹងក្រសោបយកវិញនៅថ្ងៃណាមួយ រៀបចំសម្រាប់ការបោះឆ្នោតជ្រើសរើសមេដឹកនាំ ក្នុងខែមករា។
ក្រោយកើតមានករណីនេះ មេដឹកនាំលំដាប់ទី២ លោក Lai Ching-te ( ឡាយ ឈីងទ័រ) ដែលជាអ្នកនាំមុខគេនៃការបោះឆ្នោតបច្ចុប្បន្ន និងជាប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលលម្អៀងទៅរកឯករាជ្យ បានព្រមានថា បណ្ដាក្រុមហ៊ុននានារបស់កោះតៃវ៉ាន់ អាចនឹងរើចេញពីប្រទេសចិនដីគោក ប្រសិនបើពួកគេរង «សម្ពាធដោយអយុត្តិធម៌»។
លោកបាននិយាយ អំឡុងសន្និសីទសារព័ត៌មានថា៖ «ប្រសិនបើពួកគេបង្កើនការប្រុងប្រយ័ត្ន និងភ័យខ្លាច ដោយបាត់បង់ទំនុកចិត្តនៅក្នុងប្រទេសចិន ពួកគេអាចនឹងផ្លាស់ប្តូរមូលដ្ឋានរបស់ពួកគេបន្តិចម្តងៗទៅកាន់ប្រទេសផ្សេងទៀត។ នោះនឹងក្លាយជាការខាតបង់ដ៏ធំសម្រាប់ប្រទេសចិន»៕