
ក្រុមគ្រូពេទ្យ និយាយថា អ្នកជំងឺបានមកដល់មន្ទីរពេទ្យ បង្ហាញរោគសញ្ញានៃជំងឺបណ្តាលមកពីស្ថានភាពផ្ទុកមនុស្សលើសចំណុះ និងអនាម័យអន់ ក្រោយមនុស្សជាង ១,៤លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេដើម្បីស្វែងរកទីជម្រកបណ្តោះអាសន្ន ក្រោមការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតពុំធ្លាប់ដែលមានពីមុនរបស់អ៊ីស្រាអែល ។
ទីភ្នាក់ងារជំនួយបានព្រមានម្តងហើយម្តងទៀតពីវិបត្តិសុខភាពនៅក្នុងតំបន់បិទច្រកមួយនេះ ដែលអ៊ីស្រាអែល បានកាត់ផ្តាច់ចរន្តអគ្គិសនី ទឹកស្អាត និងប្រេងឥន្ធនៈ ក្នុងនោះមានតែក្បួនរថយន្តដឹកជំនួយមួយចំនួនតូចប៉ុណ្ណោះ បានបើកចូលជាមួយនឹងស្បៀងអាហារ និងឱសថ ។
លោក Abu Taeema គឺជាគ្រូពេទ្យនៅក្នុងមន្ទីរពេទ្យ Nasser និយាយថា នៅក្នុងទីជម្រកបណ្តោះអាសន្នជាទីដែលជនប៉ាឡេស្ទីនច្រើនកុះករជាមួយក្រុមគ្រួសាររបស់ពួកគេ ដោយសង្ឃឹមថានឹងរកបានទីកន្លែងមានសុវត្ថិភាពពីការទម្លាក់គ្រាប់បែកនោះ ប្រជាពលរដ្ឋចាប់ផ្តើមមានអាក្ការៈចុកពោះ រលាកសួត និងមានស្នាមកន្ទួល ។
អ្នកស្រី Sojood Najm និងកូនៗ ៥នាក់របស់គាត់ បានរស់នៅក្នុងសំពត់តង់តែមួយ នៅជំរំ Khan Younis អស់រយៈពេល ៩ថ្ងៃមកហើយ ក្រោយពេលពួកគេជម្លៀសចេញពីតំបន់ភាគខាងជើងហ្គាហ្សា ពេលដែលអ៊ីស្រាអែល ចាប់ផ្តើមទម្លាក់គ្រាប់បែកកាលពីរយៈពេល ២សប្តាហ៍មុន ។
អ្នកស្រី Najm ស្ថិតនៅក្នុងចំណោមមនុស្ស ៤គ្រួសារ ដែលជ្រកកោននៅក្នុងសំពត់តង់តែមួយ នៅជំរំ Khan Younis របស់តំបន់ហ្គាហ្សា ជាទីដែលអ្នកស្រីនិយាយថា ការផ្គត់ផ្គង់ទឹក និងឱសថ ខ្សត់ខ្សោយខ្លាំងណាស់ ។
ក្រុមអាជ្ញាធរប៉ាឡេស្ទីន និយាយថា ជនប៉ាឡេស្ទីនជិត ៥.៨០០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមច្រកអាកាស និងទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា កន្លងទៅ ទៅលើអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សជាង ១.៤០០នាក់ ៕