
ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលវ័យចំណាស់ម្នាក់ ដែលត្រូវបានក្រុមហាម៉ាសដោះលែងនៅពេលយប់ បាននិយាយនៅថ្ងៃអង្គារនេះថា អ្នកស្រីត្រូវបានពួកសកម្មប្រយុទ្ធដាក់ខ្នោះខណៈអ្នកស្រីត្រូវបានគេដឹកចូលទៅក្ន្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃទី៧ខែតុលា ប៉ុន្ដែពេលនោះ ពួកគេពុំបានធ្វើបាបអ្វីទេនៅក្នុងអំឡុងពេលការចាប់អ្នកស្រីឃុំអស់ពីរសប្ដាហ៍នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីននោះ។
អ្នកស្រីយ៉ូឆេវីត លីហ្វស៊ីត(Yocheved Lifshitz)អាយុ៨៥ឆ្នាំ ជាស្រ្ដីម្នាក់ក្នុងចំណោមស្រ្ដីពីរនាក់ដែលបានដោះលែងកាលពីថ្ងៃច័ន្ទទី២៣តុលា ដោយបានបន្សល់ទុកចំណាប់ថ្នូរប្រមាណជា ២២០នាក់ទៀត កំពុងស្ថិតនៅក្នុងដៃរបស់ពួកហាម៉ាស់នៅឡើយ។
ដោយអង្គុយនៅលើកៅរទេះរុញនៅខាងក្រៅមន្ទីរពេទ្យក្រុងតែល អាវីវ (Tel Aviv) ជាទីដែលអ្នកស្រីត្រូវបានគេនាំមកក្រោយការដោះលែង អ្នកស្រីលីហ្វស៊ីត (Lifshitz) បាននិយាយថា អ្នកស្រីត្រូវបានគេដាក់ឲ្យជិះលើម៉ូតូ១គ្រឿង និងបានបើកចេញពីសហគមន៍របស់ខ្លួនចូលទៅក្នុងតំបន់ហ្កាហ្សា ដែលនៅជិតនោះ។
ពេលទៅដល់តំបន់ហ្កាហ្សា អ្នកស្រី បាននិយាយថា អ្នកចាប់អ្នកស្រីបាននាំអ្នកស្រីចូលក្នុងរូងក្រោមដីដែលអ្នកស្រីបានប្រៀបធៀបទៅទៅនឹងសំណាញ់ពីងពាង ហើយពួកគេក៏បានធ្វើល្អជាមួយអ្នកស្រីដែរ៕