ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៥៨៩នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនលើសលប់សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើប្រជាពលរដ្ឋ ៥៦២នាក់ដែលបានពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខណៈករណីឆ្លងថ្មីចំនួន ២៧នាក់ទៀត គឺជាករណីនាំចូលពីក្រៅប្រទេស។
ក្រសួងសុខាភិបាល ក៏បានប្រកាសបន្ដថា អ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់ទៀត បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺនេះ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ២៦៦នាក់ហើយ។
គិតត្រឹមថ្ងៃនេះ កម្ពុជារកឃើញមនុស្សសរុបដល់ទៅ ៣៤ ៨៣៣នាក់ហើយ បានឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងដំបូងកាលពីចុងខែមករាឆ្នាំ២០២០កន្លងមក។
ប៉ុន្តែ ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩សរុប ២៨ ០៩២នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយឡើងវិញ ក្នុងនោះមានទាំងអ្នកជាសះស្បើយថ្មី ៩៤៥នាក់ ដែលក្រសួងទើបប្រកាសនៅថ្ងៃនេះផងដែរ៕
