
បណ្ដាគណបក្សប្រឆាំងសំខាន់ៗរបស់ប្រទេសប៉ូឡូញ បាននិយាយ នៅថ្ងៃអង្គារ (ទី២៤ ខែតុលា) នេះថា ពួកគេត្រៀមខ្លួនឡើងដឹកនាំប្រទេស ខណៈដែលពួកគេស្វែងរកការបង្កើនសម្ពាធដល់ប្រធានាធិបតី ដើម្បីធ្វើការសម្រេចឲ្យបានឆាប់លើការតែងតាំងបេក្ខជនរបស់ខ្លួន គឺលោក Donald Tusk ជានាយករដ្ឋមន្ត្រីថ្មី។
ក្រុមគណបក្សប្រឆាំង ដែលគាំទ្រសហភាពអឺរ៉ុប (EU) បានឈ្នះសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតកាលពីដើមខែនេះ ដែលជាការផ្លាស់ប្តូរដ៏ធំមួយ សម្រាប់ប្រទេសប៉ូឡូញ បន្ទាប់ពីមានជម្លោះរយៈពេល ៦ឆ្នាំជាមួយទីក្រុងប្រ៊ុចសែល ជុំវិញបញ្ហានានា រាប់ចាប់ពីឯករាជ្យភាពរបស់តុលាការ រហូតដល់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ប្រធានាធិបតីលោក Andrzej Duda ដែលជាសម្ព័ន្ធមិត្តនៃគណបក្សជាតិនិយមច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច បាននិយាយ នៅមុននេះថា លោកនឹងផ្តល់ឱកាសលើកទី១ ក្នុងការបង្កើតរដ្ឋាភិបាលដល់គណបក្សធំបំផុតតែមួយ នៅក្នុងសភាជាន់ទាប។
លោក Tusk មេដឹកនាំក្រុមគណបក្សប្រឆាំងសេរីនិយមដ៏ធំបំផុតរបស់ប៉ូឡូញ Civic Coalition បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ថ្ងៃនេះ រួមជាមួយមេដឹកនាំនៃបណ្ដាគណបក្សប្រជាធិបតេយ្យ យើងបានបញ្ជាក់ពីការត្រៀមខ្លួនរបស់យើង ក្នុងការសហការយ៉ាងពេញលេញ និងបង្កើតសំឡេងភាគច្រើន នៅក្នុងរដ្ឋសភាបន្ទាប់»។
លោក Tusk បានបន្ថែមថា លោកនឹងក្លាយជាបេក្ខភាពរបស់ក្រុមគណបក្សប្រឆាំង សម្រាប់តំណែងជានាយករដ្ឋមន្ត្រី។ លោក Duda គ្រោងនឹងជួបជាមួយបណ្ដាមេដឹកនាំនៃគណបក្សទាំងអស់ ដែលបានឈ្នះអាសនៈក្នុងសភា នៅថ្ងៃអង្គារ និងថ្ងៃពុធ៕