អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ ២៤តុលា បានចោទប្រកាន់ថាមានការរំលោភច្បាប់អន្តរជាតិនៅតំបន់ហ្កាហ្សា និងបានជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់ ស្របពេលអ៊ីស្រាអែលវាយលុកលើដែនដីប៉ាឡេស្ទីន ជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទន្ទឹមនឹងវិបត្តិ ដ៏ជ្រៅនៃការបែកបាក់គ្នានៅក្នុងក្រុមប្រឹក្សាសន្តិសុខ។

អ៊ីស្រាអែលបានបង្ហាញការខឹងសម្បាចំពោះការអង្វរកររបស់ប្រមុខអង្គការសហប្រជាជាតិនៅមុនសម័យប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខ ជាទីដែលរដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន បានរិះគន់ចំពោះអ្វីដែលលោកបានហៅថាជាភាពអសកម្មនៅក្នុងជម្លោះដែលបានសម្លាប់ភាគីទាំងសងខាងរាប់ពាន់នាក់ ដែលភាគច្រើនជាជនស៊ីវិល។ ក្នុងការបើកសម័យប្រជុំ លោក Guterres បាននិយាយថា ពុំមានលេសសម្រាប់អំពើហិង្សា គួរឱ្យរន្ធត់ ដោយពួកសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា នោះទេ ប៉ុន្តែក៏បានព្រមានប្រឆាំងនឹង ការដាក់ទណ្ឌកម្មរួមលើប៉ាឡេស្ទីនផងដែរ។

លោក Guterres និយាយដោយមិនបញ្ចេញឈ្មោះអ៊ីស្រាអែលចំៗថា លោកព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរំលោភយ៉ាងច្បាស់ក្រឡែតនៃច្បាប់មនុស្សធម៌អន្តរជាតិដែលយើងកំពុងមើលឃើញនៅក្នុងតំបន់ហ្កាហ្សា។ លោកសូមបញ្ជាក់ឲ្យច្បាស់ថា គ្មានភាគីជម្លោះប្រដាប់អាវុធណាមួយបំពានលើច្បាប់មនុស្សធម៌អន្តរជាតិបានឡើយ។
សុន្ទរកថារបស់លោកបានធ្វើឱ្យរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក អ៊ីលី ខូហិន (Eli Cohen) ខឹងសម្បាដែលចង្អុលទៅលោក Guterres និងដំឡើងសំឡេង ដែលបានរំលឹកឡើងវិញនូវការបាត់បង់អាយុជីវិតជនស៊ីវិលរួមទាំងកុមារតូចៗដែលត្រូវបានសម្លាប់កាលពីថ្ងៃទី ៧ ខែតុលា នៅក្នុងការវាយប្រហារតែមួយដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំអង្គការសហប្រជាជាតិ លោក ហ្គីលែន អឺដាន (Gilad Erdan) បានអំពាវនាវឱ្យលោក Guterres លាលែងពីតំណែង ដោយសរសេរនៅលើបណ្ដាញសង្គម X ថាប្រមុខអង្គការសហប្រជាជាតិបាន បង្ហាញការយោគយល់ចំពោះអំពើភេរវកម្ម និងឃាតកម្ម៕
